ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាមេរោគអេដស៍ និងហិរញ្ញប្បទានសុខាភិបាលរបស់អង្គការ និងជាអ្នកគ្រប់គ្រងថ្មីនៃគម្រោង LHSS

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអនុញ្ញាតជូន លោកស្រី Hannah Marqusee ទីប្រឹក្សាមេរោគអេដស៍ និងហិរញ្ញប្បទានសុខាភិបាលរបស់អង្គការ និងជាអ្នកគ្រប់គ្រងថ្មីនៃគម្រោងLHSS អញ្ជើញជួបសម្តែងការគួរសម និងស្វែងយល់ពីការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវនូវភាពជោគជ័យនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជាដែលទទួលបានពីមូលដ្ឋាននៃសសរស្តម្ភបី គឺ មគ្គុទេសភាព ភាពជាដៃគូ និងការវិនិយោគ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា រចនាសម្ព័ន្ធនៃការដឹកនាំឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍បានរៀបចំ និងដំណើរការពីថ្នាក់ជាតិក្រសួង ស្ថាប័ន រហូតដល់ថ្នាក់ក្រោមជាតិរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ និងឃុំ សង្កាត់។

ភាពជាដៃគូនៃការចូលរួមពីអង្គការជាតិ អង្គការអន្តរជាតិ សង្គមស៊ីវិល បណ្តាញប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍។ ដំណាលពេលថវិកាជំនួយមានការធ្លាក់ចុះ រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគលើការងារឆ្លើយតបមេរោគអេដស៍តាមរយៈការផ្តល់ថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ ថវិកាសម្រាប់ប្រាក់ខែមន្ត្រីកិច្ចសន្យា និងការចំណាយប្រតិបត្តិការផ្សេងៗ។

តាមរយៈសជណ២១៣ រាជរដ្ឋាភិបាលសម្រេចចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ជាជនក្រីក្រងាយរងគ្រោះ ដែលត្រូវទទួលបានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីទទួលបាននូវការគាំពារសង្គម។ សជណ២១៣ ក៏បានទទួលស្គាល់នូវតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបមេរោគអេដស៍។ ប្រទេសកម្ពុជាក៏បានផលិតនូវឯកសារវាយតម្លៃនៃត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបដោយចីរភាព។

លោកស្រី Hannah Marqusee បានធ្វើការវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។ លោកស្រីលើកឡើងថា នឹងបន្តធ្វើកិច្ចសហការជិតស្និទ្ធជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីសម្រេចនូវគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner