ក្រុមក្រសួងការពារជាតិរៀបចំការប្រកួត Pre-Season Championship 2020 ជាមួយ៣ក្រុមទៀត
ក្រុមបាល់ទាត់ក្រសួងការពារជាតិបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព Pre-Season Championship 2020 ដែលមានក្លឹបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ៣ផ្សេងទៀត គឺណា ហ្គាវើល អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ដែលគ្រោងប្រកួតនៅថ្ងៃទី១៦ មករា និងបញ្ចប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់ ។
លោក ខូវ ឆាយ អគ្គលេខាធិការ ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានបញ្ជាក់ នៅក្នុងសន្និសីទ សារពត៌មាន និងចាប់ឆ្នោតជ្រើសរើសគូប្រកួតល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់ថា នេះគឺជាការប្រកួតត្រៀមបង្កើនគុណភាពបច្ចេកទេស សម្រាប់លីគកំពូលកម្ពជា រដូវកាលថ្មី ២០២០ នាពាក់កណ្តាលខែកុម្ភៈ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្ដល់ឱកាសឲ្យក្លឹបសមាជិក លីគកំពូល កម្ពុជា ពិសេសក្លឹបមិនសូវមានសកម្មភាព ឬមិនបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក មានឱកាស ប្រកួតសមជើងគ្នា ក៏ដូចជាពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មី ពិសេសគឺក្រសួង ការពារជាតិផ្ទាល់តែម្ដង ។ លោកបន្ដថា ចំពោះការរៀបចំឆ្នាំដំបូងនេះ ដោយសារពេលវេលាខ្លី ក្លឹប បានអញ្ជើញក្រុមចូលរួមត្រឹម៤ក្រុមប៉ុណ្ណោះ តែលោកបានប្ដេជ្ញា នឹងរៀបចំឲ្យបានរៀងរាល់ឆ្នាំ ហើយ អញ្ជើញក្រុមខ្លាំងៗចូលរួមកាន់តែច្រើន ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ក៏គ្រោងអញ្ជើញក្លឹប បរទេសមកប្រកួតនាឆ្នាំក្រោយទៀតផង ។
ចំណែកឯលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុប បានបញ្ជាក់ថា បច្ចុប្បន្នក្លឹបកំពុង រៀបចំ ក្រុម ដោយសាកល្បងជ្រើសរើសកីឡាករថ្មីៗមួយចំនួន ហើយការចូលរួមប្រកួតត្រៀមនេះ គឺជាឱកាស ល្អមួយ សម្រាប់មើលទម្រង់លេង និងសមត្ថភាពរបស់កូនក្រុម។
អ្នកចាត់ការទូទៅក្រុមណាហ្គាវើលដ៏ លោក រ៉ៃ វិកទ័រ និយាយដែរថា ការប្រកួតនេះពិតជា សំខាន់ ព្រោះវាបានធ្វើឲ្យក្រុមនីមួយៗអាចវាស់ស្ទង់សមត្ថភាពគ្នាស្វែងយល់ពីចំណុចខ្លាំង ចំណុច ខ្សោយ ហើយកែតម្រូវឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមរដូវកាលថ្មី។
សូមបញ្ជាក់ថា សម្រាប់២ប្រកួតថ្ងៃទី១៦មករានេះ គឺក្រុមណាហ្គាវើលជួបជាមួយអាស៊ីអឺរ៉ុប ខណៈម្ចាសផ្ទះ ក្រសួងការពារជាតិប៉ះជាមួយសូលទីឡូអង្គរ ហើយក្រុមចាញ់ៗប្រកួតេដណ្តើម ចំណាត់ ថ្នាក់លេខ៣ រីឯ ក្រុមឈ្នះៗនឹងប្រជែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី១៨ មករា ឆ្នាំ២០២០៕ធ.ដ