ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Sreet Football 2020 ក្រុម Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ
ការប្រកួតបាល់ទាត់ Tiger Sreet Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត ក្រុមបាល់ទាត់ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះ ក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ ។
ប្រធានក្រុមបាល់ទាត់ Avatar FC សោម សុខវិសាល អះអាងថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គយ៉ាងខ្លាំង និងស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ដោយក្នុងមួយថ្ងៃក្រុមលេងចាប់៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក ។ បន្ទាប់ពីគ្រងតំណែងជើងឯកមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុមបាល់ទាត់ Avatar FC រូបនេះបានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួតជម្រុះយកតែ៦ក្រុមឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់ ។ ដោយ៤ក្រុមចាប់ពីចំណាត់លេខ១ដល់លេខ៤ គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញអូតូ ។ ដោយឡែក២ក្រុមទៀតដែលទទួលបានឱកាសឡើងទៅបង្គ្រប់៦ក្រុមសម្រាប់មណ្ឌលកំពង់ស្ពឺ លេងនៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងធ្វើការចាប់ឆ្នោតរើសយក២ក្រុមឡើងទៅបង្គ្រប់។
ចំណែកប្រាក់រង្វាន់វិញ ចំណាត់ថ្នាក់លេខ១ ទទួលបាន 1,500$ លេខ២ 1,000$ លេខ៣ 500$ និងលេខ៤ 200$ ។ ព្រមទាំងមានឪកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញឆ្នាំ២០២០ ខាងមុខនេះ ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគុំដន្រ្តីដ៍កក្រើកដែលមានការចូលរួមពីតារាចម្រៀងល្បីប្រចាំកម្ពុជា ដើម្បីផ្តល់ជូននូវការសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅថ្ងៃចុងសប្តាហ៍ក្រោយសំរាកពីការងារផងដែរ៕ធ.ដ