រដ្ឋមន្ត្រីការបរទេសកម្ពុជាអំពាវនាវឱ្យប្រកាន់យកនូវជំហានជាក់ស្តែង ដើម្បីបង្កលក្ខណៈឱ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា
ភ្នំពេញៈរដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ក្នុងពេលដ៏ឆាប់នេះ និងបានអំពាវនាវឱ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឱ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា។ ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
ក្រសួងការបរទេសកម្ពុជាបានបន្តថា រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឲ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។
រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ានិងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឱ្យបានប្រកបដោយផ្លែផ្កា៕
ដោយៈពលជ័យ