ចិនមិនមែនជាស្តេចបញ្ញាសិប្បនិម្មិត AI ដែលលោកខាងលិចភ័យខ្លាចនោះឡើយ។ ជំនាញ AI របស់អាមេរិកមានវិសាលភាពធំទូលាយជាង

អត្ថបទដោយ៖
AMS OneMinute

ជំនាញរបស់ចិនលើបញ្ញាសិប្បនិម្មិត (Artificial Intelligence) មានវិសាលភាពតិចតួចប៉ុណ្ណោះ បើប្រៀបនឹងអាមេរិក។ AI របស់ចិនគ្របដណ្តប់តែលើវិស័យតូចៗ ជាពិសេសគឺការតាមដានប្រជាជនខ្លួនឯង ខណៈអាមេរិកមានជំនាញយ៉ាងទូលំទូលាយលើ AI ហើយត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។

ចិនហាក់ដូចជាពូកែក្នុងការប្រើប្រាស់ចក្ខុវិស័យប្រព័ន្ធកុំព្យូទ័រ និងការសម្គាល់មុខ (facial recognition) ប៉ុន្តែគឺដើម្បីតែគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងប្រទេសប៉ុណ្ណោះ។ ចំណូលរបស់ក្រុមហ៊ុន AI នៅក្នុងប្រទេសចិនភាគច្រើនក៏បានមកពីរដ្ឋាភិបាលចិន ដែលត្រូវចំណាយភាគច្រើនលើការរៀបចំកាមេរ៉ា និងឧបករណ៍ចាប់សញ្ញានៅជុំវិញទីក្រុងដើម្បីចាប់រូបភាព និងតាមដានចលនារបស់មនុស្ស និងយានយន្តជាដើម។

ដោយឡែក អាមេរិកឈានមុខគេក្នុងផ្នែកការសិក្សាអំពីម៉ាស៊ីន ដែលប្រើទិន្នន័យ និង algorithms ដើម្បីសិក្សា និងកែលម្អភាពត្រឹមត្រូវ។ បច្ចេកវិទ្យា AI នៅអាមេរិកត្រូវបានប្រើទូទាំងពិភពលោកដើម្បីបម្រើប្រយោជន៍វិស័យឯកជន ដូចជាការធ្វើឱ្យស្គាល់សំឡេង ការសរសេរឆ្លើយតបនឹងអតិថិជនដោយស្វ័យប្រវត្តិ ការបកប្រែភាសា និងលទ្ធផលស្វែងរក ឬសមត្ថភាពរកឃើញការក្លែងបន្លំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាដើម។

គោលការណ៍បច្ចេកវិទ្យាឈានមុខគេ និងទូលំទូលាយបំផុតរបស់ពិភពលោកត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិកដូចជា Alphabet Inc. Google Microsoft Corp. និង Facebook Inc ព្រមទាំងសាកលវិទ្យាល័យ California និងBerkeley ជាដើម។

ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ក្រុមហ៊ុនអាមេរិកក៏ជាអ្នកនាំមុខគេក្នុងការពង្រាយសហគ្រាសដែលមានការកើនឡើងយ៉ាងខ្លាំង ព្រោះមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យា Cloud និងបណ្តាញកាន់តែច្រើន។ អាមេរិកបង្ហាញពីភាពលេចធ្លោរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា ដោយបង្កើតកម្មវិធីដែលជួយអតិថិជននៅជុំវិញពិភពលោកឱ្យទទួលបានប្រាក់ចំណេញ ឬប្រសិទ្ធភាព។

ក្រុមហ៊ុនឯកជនរបស់អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពី AI។ ផ្ទុយទៅវិញ ចិនចំណាយលុយកាន់តែច្រើនលើ AI។ ដើម្បីទទួលបានតំណែងជាជើងខ្លាំងផ្នែក AI ពិតប្រាកដ ចិនត្រូវចំណាយលើបច្ចេកវិទ្យាជាជាងស្វែងរកវិធីដើម្បីតាមដានប្រជាជនរបស់ខ្លួន។

ប្រភព៖ Bloomberg

ads banner