កិច្ចប្រជុំស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រកតីភាពថ្មី

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

កិច្ចប្រជុំថ្ងៃនេះបានប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង ជាពិសេស ឯកឧត្តម អគ្គនាយករង ទទួលនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ឯកឧត្តម អគ្គនាយករង ទទួលនាយកដ្ឋានច្រកទ្វារទី១ និងច្រកទ្វារទី២ ប្រធាននាយក អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយបន្ទាន់ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលពាក់ព័ន្ធ ជាពិសេសប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន និងនាយកដ្ឋានជំនាញ គ្រប់គ្រងប៉ុស្តិ៍ច្រកទ្វារព្រំដែន និងការផ្ដល់ទិដ្ឋាការ ឲ្យបានយល់ដឹងពីគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បន្តទៀតថា កិច្ចប្រជុំនេះបានរួមពិភាក្សា លើការបើកដំណើរការឡើងវិញ ដែលរាជរដ្ឋាភិបាលអនុញ្ញាត ឲ្យអ្នកដំណើរចូលមកកម្ពុជា ដោយមានគោលការណ៍ និងលក្ខខណ្ឌថ្មី របស់ក្រសួងសុខាភិបាលស្ដីពី វិធានការចក្តាឡីស័កចំពោះអ្នកមកពីបរទេស ១-សម្រាប់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវអនុវត្តចក្តាឡីសក័តាមសេចក្តីសម្រេចពីរដ្ឋាភិបាល ។ ២-សម្រាប់មន្រ្តីរាជការដែលត្រឡប់ពីបំពេញបេសកកម្ម មន្រ្តីទូតបរទេស មន្រ្តីអង្គការអន្តរជាតិ វិនិយោគិន(ដែលបានចាក់វាក់សាំងហើយ) ធ្វើចក្តាឡីស័ក ៣ថ្ងៃ ។ ៣-ប្រជាជនសាមញ្ញ ជនបរទេស (ដែលបានចាក់វាក់សាំងហើយ) ធ្វើចក្តាឡីស័ក ៧ថ្ងៃ និង៤-អ្នកដែលមិនទាន់បានចាក់វាក់សាំង ឬចាក់មិនទាន់គ្រប់ដូសធ្វើចក្តាឡីស័ក ១៤ថ្ងៃ។

ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវមានការពិភាក្សា រិះរកនូវនីតិវីធី និងបែបបទរបស់អន្តោប្រវេសន៍ និងចូលរួមគាំទ្រ លើគោលការណ៍ របស់រាជរដ្ឋាភិបាល ដោយស្របតាមវិធានសុខាភិបាល និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះ ឲ្យបានទូលាយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ឲ្យបានជ្រួលជ្រាប ដើម្បីកុំឲ្យមានការរអាក់រអួល និងមានការខុសឆ្គង៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner