រាជរដ្ឋាភិបាលសម្រេចដាក់អោយចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣ម៉ឺនរៀលគំរូថ្មី (Video Inside)

ភ្នំពេញ៖ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ម៉ឺនរៀលគំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។
យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិ ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ៣ម៉ឺនរៀលក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ពីលក្ខណៈទូទៅ ដោយទំហំធនប័ត្រ បណ្ដោយ ១៧០ មម ទទឹង ៧៥ មម ពណ៌ចម្បង គឺពណ៍បៃតង ពណ៌ត្នោត និងពណ៍ស្វាយ។ ចំពោះផ្ទៃខាងមុខវិញ គឺផ្ទៃកណ្តាលខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បរមរតនកោដ្ឋ នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរបីម៉ឺនរៀល ” នៅខាងក្រោម។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ម៉ឺនរៀលត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner