CNN៖ ថ្នាំគ្រាប់កូវីដក្រុមហ៊ុនអាមេរិក ត្រូវប្រទេសផ្សេងៗបញ្ជាទិញ ទោះមិនទាន់ទទួលស្គាល់
ទីភ្នាក់ងារសារព័ត៌មាន CNN បានចេញផ្សាយថា ថ្នាំគ្រាប់ព្យាបាលកូវីដមួយប្រភេទឈ្មោះ Molnupiravir ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិក កំពុងត្រូវបានប្រទេសជាច្រើន ជាពិសេសនៅអាស៊ី ប៉ាស៊ីហ្វិក បញ្ជាទិញ បើទោះបីជាថ្នាំគ្រាប់នេះ មិនទាន់ត្រូវបានទទួលស្គាល់ និងអនុញ្ញាតិឱ្យប្រើប្រាស់ ជាផ្លូវការនៅឡើយ។
យ៉ាងណាមិញ ថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុន Merck បាននឹងកំពុងដុតដៃដុតជើង ដើម្បីសុំការទទួលស្គាល់និងអនុញ្ញាតិឱ្យប្រើប្រាស់ ពីនាយកដ្ឋានចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក។
ថ្នាំគ្រាប់ Molnupiravir មានសមត្ថភាពអាចព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩ ដោយមិនចាំបាច់ទៅស្នាក់នៅដើម្បីព្យាបាលនៅមន្ទីរពេទ្យនោះទេ។ CNN បានឱ្យដឹងថា អ្នកជំងឺកូវីដអាចចាប់ផ្តើមលេបថ្នាំគ្រាប់នេះ មួយថ្ងៃ២ដង រយៈពេល ៥ថ្ងៃ ដែលសរុបមកគឺស្មើនឹង ៤០គ្រាប់៕
