គ្រិះស្ថានមធ្យមសិក្សាសាធារណៈជាង៤០កន្លែងនៅខេត្ដសៀមរាប ត្រូវបានបើកបង្រៀនសាកល្បង

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ សាលាមធ្យមសិក្សារបស់រដ្ឋជាង ៤០កន្លែង នៅក្នុងស្រុកចំនួន៨ នៃខេត្ដសៀមរាប ត្រូវបានបើកឱ្យចូលរៀនឡើងវិញជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្តមើលឃើញថា សាលាទាំងនោះមានហានីភ័យទាបក្នុងការឆ្លងជំងឺកូវីដ១៩។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា សាលាមធ្យមសិក្សាដែលបើកបង្រៀនសាកល្បងនេះមានចំនួន ៤៤សាលា ក្នុងចំណោម ១២៣សាលា ស្ថិតនៅស្រុកចំនួន ៨ស្រុក ក្នុងចំណោម ១២ក្រុង ស្រុក របស់ខេត្ដសៀមរាប ហើយចូលរៀនមានថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាសិស្សត្រៀមប្រលងឌីប្លូម និងប្រលងបាក់ឌុប ប៉ុន្ដែបើសាលាណាមួយមានសិស្សតិចអាចចូលរៀនគ្រប់កំរិត គឺចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២តែម្ដង។ ជាមួយគ្នានោះ ការចូលរៀនមានពីរពេល គឺព្រឹកនិងថ្ងៃរសៀល និងរៀនជាបណ្ដុំដោយក្នុងមួយថ្នាក់មានសិស្សចូលរៀនពី ១០នាក់ទៅ ១៥នាក់ប៉ុណ្ណោះ ខណៈដែលសិស្សចូលថ្នាក់រៀនត្រូវបាន ធ្វើតេស្ដរកមេរោគកូវីដ១៩ ជាមុនផងដែរ ។

លោកបន្ដថា គ្រិះស្ថានសិក្សាទាំងនោះ ត្រូវបានគណៈកម្មការដាក់ពាក្យស្នើសុំ បន្ទាប់ពីពិនិត្យលទ្ធភាពរកឃើញថា សាលារៀនទាំង ៨ស្រុកនោះ មានហានីភ័យទាបក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈដែលមធ្យមសិក្សានៅក្នុងស្រុក និងក្រុងចំនួន ៤ទៀតនៃខេត្ដនេះ មិនទាន់មានគម្រោងបើកនៅឡើយទេ ដោយសារមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។

លោក លី ប៊ុណ្ណា បានបន្ថែមថា ដោយឡែកសាលារៀនកំរិតបឋមសិក្សា ចំនួន ១២៩ទៀត ក្នុងចំណោមជាង ១៣០កន្លែង នឹងបើកដំណើរការនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២១ខាងមុខនេះ បន្ថែមទៀត ប៉ុន្ដែការបើកឱ្យចូលរៀនកំរិតបឋមនេះ ចាប់ពីថ្នាក់ទី៤ដល់ទី៦ ព្រោះងាយស្រួលគ្រប់គ្រង ។ ចំពោះថ្នាក់បន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពតាមក្រោយ។

លោក បានបញ្ជាក់ទៀតថា ការបើកសាលារៀននេះ ទៅតាមគោលការស្ដង់ដារបស់ក្រសួងដោយក្នុងនោះ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយក៍ត្រូវបានគណៈកម្មការពិនិត្យទីតាំងមិនមានហានីភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ផងដែរ ។ សិស្សានុសិស្សមានការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ.១៩ គ្រប់គ្នា លើសពីនោះ ការចេញលេងត្រូវបានដាក់វេនគ្នា ដើម្បីងាយស្រួលគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ក្នុងពេលបើកបង្រៀនសាកល្បងនេះ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner