អភិបាលខេត្តព្រះសីហនុ ទទួលអំណោយ សម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី

អត្ថបទដោយ៖
ធី ដា

ព្រឹកថ្ងៃចន្ទទី១៨ ខែតុលា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី HMAS Anac តំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជម្ងឺ កូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ហើយទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំមកដោយ អាជ្ញាធរបណ្ដោះ អាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលី ជាវីរបុរស និងស្ត្រី ជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស ។ ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយ ស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នកតំណាងខាងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួង កិច្ចការនារីរបស់ប្រទេសកម្ពុជាបានរៀបចំធ្វើកាលពីសប្តាហ៍មុន ។

លោក គង់ វិតាណ: អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកឆ្នាំ ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ។

សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ព ជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ព ជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner