រថយន្តបែនមួយគ្រឿង បើកកៀរម៉ូតូដួលកិនក្មេងប្រុសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដឹកកូនប្រុស២នាក់ មកពីលេងស្រុកកំណេីតបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែនដឹកដីមួយគ្រឿង បើកកៀរដួលខ្ទាតកូនម្នាក់ចូលក្រោមរថយន្ត បណ្តលឱ្យកិនស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កុមារារងគ្រោះដែលស្លាប់ឈ្មោះ ស៊ុន ចានី អាយុ ៩ឆ្នាំ មានម្តាយឈ្មោះ យ៉ា ដា អាយុ ៣៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯ តៃកុងរថយន្តបង្កហេតុឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណេីតនៅភូមិ ត្រពាំងធ្លក ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានជិះម៉ូតូ ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-1765 ដឹកកូនប្រុស២នាក់ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-3727 ធ្វេីដំណេីរមកពីក្រោយហេីយកៀរម៉ូតូរបស់គាត់ បណ្តាលឱ្យដួលខ្ទាតកូនប្រុសម្នាក់ ដែលអង្គុយខាងក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្តង។ ហើយភ្លាមនោះ រថយន្តបង្កហេតុបានព្យាយាមបេីករត់រហូតទៅដល់ភ្លើងស្តុបកប់ស្រូវ តែត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង និងឃាត់ខ្លួនតៃកុងរថយន្តយកទៅឃុំខ្លួនបណ្តោះអាសន្ន។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះរួមទាំងម្ចាស់រថយន្តបង្កយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner