និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ នឹងចេញដំណើរទៅហាត់ការកសិកម្មរយ:ពេល១១ខែសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែល (Video Inside)
ភ្នំពេញ៖ និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ នឹងចេញដំណើរទៅហាត់ការកសិកម្មរយ:ពេល១១ខែសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែល ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតផ្ទាល់ចំនួន១០នាក់ តំណាងឱ្យនិស្សិត ២០០នាក់ (តាមប្រព័ន្ធអនឡាញ Zoom) មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សហការណ៍ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីជួយសម្របសម្រួលជីវភាពនិស្សិតដែលបានជាប់ឈ្មោះទៅបន្តការសិក្សានៅប្រទេសអីស្រាអ៊ែលលើការចំណាយដំបូង ដូច្នេះគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានផ្ដល់ឥណទានខ្នាតតូចបំផុត ដែលមានទំហំកម្ចីឥណទានរហូតដល់២,០០០ដុល្លារ។ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបជាមួយក្រុមហ៊ុន អឹក្រូស្តាឌី (Agrostudie) បានផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងថ្នាក់ ក្នុងមន្ទីរពិសោធន៍ និងនៅកសិដ្ឋានផ្ទាល់។ ឯកឧត្តមបន្តថា និស្សិតហាត់ការទាំងអស់នឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតែម្តង។ ឯកឧត្តមបន្ថែមថា និស្សិតត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អំណត់អត់ធន់ ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឱ្យក្លាយជានិស្សិតឆ្នើម និងជួយសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ យោងតាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន អឹក្រូស្តាឌី លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៤ឆ្នាំ សរុបទាំង ១៤ជំនាន់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានបញ្ជូននិស្សិតចំនួន១.៤៦៩នាក់ ។ បើតាមការបញ្ជាក់របស់ឯកឧត្តមសាកលវិទ្យាធិការ និស្សិតដែលនឹងទៅហាត់ការនៅប្រទេសអ៊ីស្រាអ៊ែលឆ្នាំនេះ រួមមាន វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមាននិស្សិតចំនួន ១៦៥នាក់ ស្រី ៦៦ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននិស្សិតចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងមាននិស្សិតចំនួន ១១នាក់ ស្រី៤នាក់ និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំមាននិស្សិតចំនួន ៦នាក់ សរុបចំនួន ២០០នាក់ ។
សូមជម្រាបថា ការហាត់ការផ្ដោតលើមុខវិជ្ជា រួមមាន ស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និង និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋាន រួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត និងគ្រាប់ពូជ៕

