សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺពិតជាបានរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ព្រទាំងមានប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ជាពិសេសរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយនឹងឯកឧត្តមនាពេលនេះ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកកាន់តែខ្លាំងខ្លាថែមទៀត។
ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំនេះគឺជាខួប២០ឆ្នាំ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចលើកទី១នៅព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ទាំងអស់នេះដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បង្កឱ្យមានការរីកចម្រើនសេដ្ឋកិច្ច ក្នុងនោះប្រទេសជប៉ុន សូមបន្តអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍប្រទេសកម្ពុជា។
ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានការណ៍ ដើម្បីទទួលកម្លាំងពលកម្ម កម្លំាងកម្មសិក្សាការីបច្ចេកទេសរបស់ប្រទេសកម្ពុជា ឱ្យមកធ្វើការនៅប្រទេសជប៉ុន។ តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះ ឯកឧត្តមសង្ឃឹមថា នឹងទទួលចំណេះដឹងជាច្រើន អំពីបចេ្ចកទេស វិជ្ជាជីវៈ របៀបគ្រប់គ្រងក្រុមហ៊ុន ការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ នឹងយកជំនាញទាំងអស់នេះ ទៅជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ ដែលបានថ្លែងសរសើរអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានតម្លើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើនឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យទៅជាកិច្ចសហប្របតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននេះ។
តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើន លើគ្រប់ វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង ការផ្លាស់ប្តូរដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនគណៈប្រតិភូអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រេចបាន៧,១% ចំណូលសម្រាប់ប្រជាជនម្នាក់ៗ ប្រចាំឆ្នាំបានកើនឡើងដល់១.៩៧៩ដុល្លារសហរដ្ឋអាមេរិក អតិផរណាស្ថិតនៅក្នុងកម្រិត២,៣% ហើយតម្លៃប្រាក់រៀលមានស្ថិរភាព អត្រាភាពក្រីក្របានត្រូវកាត់បន្ថយនៅក្រោម១០% ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលចំណូលមធ្យមកម្រិតទាប ហើយកំពុងតែខិតខំសម្រេចចក្ខុវិស័យ ដើម្បីឱ្យក្លាយទៅជាប្រទេសដែលចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមវិភាគទានជួយដល់ប្រទេសកម្ពុជា ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ។ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរការបើកសករាជថ្មី “រ៉េវ៉ា” របស់ជប៉ុន កាលពីខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា សន្តិភាព និងភាពសុខដុម។ សម្តេចមានជំនឿជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុន នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព ខ្លាំងក្លាថែមទៀតនៅក្នុងសករាជថ្មីនេះ។
សម្តេចប្រធានព្រឹទ្ធសភា បានស្នើគណៈប្រតិភូជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។ សម្តេចក៏បានថ្លែអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី កិច្ចសហប្រតិបតិ្តការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន។ សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយសុខភាពល្អបរិបូរណ៍ មានសេចក្តីសប្បាយរីករាយ និងទទួលបានជ័យជម្នះ៕ធ.ដ