ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេ ជោ ហ៊ុន សែន និងឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង បាននាំយកថវិកាឧបត្ថម្ភ សម្តេចតេជោសែន ប្រគល់ផ្ទាល់ដៃដល់ក្រុមគ្រួសារសព ចំនួន៥នាក់នៅក្នុងស្រុកថ្មគោល ក្នុងហេតុការណ៍អាក្រក់បាក់ដួលរលំអាគារនៅខេត្តកែប កន្លងទៅ (មានវីដេអូ)
ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុបាក់ដួលរលំអាគារនៅខេត្តកែប កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ត្រូវបានឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកថវិកាចំនួន២៥ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភផ្ទាល់ដៃដល់ក្រុមគ្រួសារសពចំនួន៥នាក់ ដែលរស់នៅក្នុង ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្តទៅនៅក្នុងធនាគារអេស៊ីលីដា(សាខា”ក”) ស្ថិតនៅទល់មុខវត្តដំរីស ក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ដោយក្នុងនោះខាងក្រុមគ្រួសារសពផ្ទាល់មានដូចជា ឪពុក ម្តាយនិងជីដូន របស់សព។ ដោយឡែកក៏មានវត្តមានតំណាងអាជ្ញាធរស្រុកថ្មគោលផងដែរ។
តាមរយៈរបាយការណ៍ចំណូលចំណាយក្នុងការរៀបចំពីធីសពកន្លងទៅ ដែលបានគូសបញ្ជាក់ដោយលោកអភិបាលរងស្រុកថ្មគោលបានឲ្យដឹងថា៖ ក្រោយពីរៀបចំបុណ្យសពរួចរាល់ ថវិកាដែលនៅសរុបក្នុងនោះគ្រួសារសពនិមួយៗ ត្រូវទទួលបានថវិកាដែលនៅសល់ពីការចំណាយរួច សរុប ៩០លានរៀល ដោយក្នុងចំណែកសពនិមួយៗទទួលបានថវិកា១៨លានរៀលគត់។ហើយថវិកាទាំងនោះត្រូវបានរក្សាទុកនៅនគរបាលប៉ុស្ត៍មូលដ្ឋានខាងលើ។
គួររម្លឹកដែរថា៖ ក្នុងចំណោមជនរងគ្រោះ នៅក្នុងហេតុការដ៏អាក្រក់កើតឡើងនេះក្នុងនោះស្លាប់ ចំនួន០៥នាក់(ស្រី០២នាក់) និង របួសចំនួន ០១នាក់(ប្រុស)។អ្នកដែលស្លាប់៥នាក់នេះរស់នៅក្នុងភូមិ-ឃុំ ស្រុក ខាងលើជាមួយគ្នា។ដោយក្នុងនោះ៖១.ឈ្មោះ សៀន លឿម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ២.ឈ្មោះ រចនា ថារី ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ សៀន សៀម។ ៣.ឈ្មោះ សឿម វិច្ឆ័យ ភេទប្រុស អាយុ០៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀនសឿម និងឈ្មោះ រចនា ថារី ។ ៤.ឈ្មោះ សៀម ស្រីណា ភេទស្រី អាយុ ៣ខែ ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀនសៀម និង ឈ្មោះ រចនា ថារី។ ៥. ឈ្មោះ រចនា សីលា ភេទប្រុស អាយុ២៤ឆ្នាំត្រូវជាប្អូនប្រុសបង្កើត ឈ្មោះ រចនា ថារី។ ហើយសព ទាំង៥ខាងលើ គឺជាក្រុមគ្រួសារតែមួយ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារសពខាងលើ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ក៏បានថ្លែងនិងពាំនាំនូវការសាកសួរសុខទុក្ខនិងសម្តែងនូវការរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន និងបានប្រគល់នូវថវិកាដល់គ្រួសារទាំង៥នាក់ដោយផ្ទាល់ដៃ ដោយចែករំលែកជា៣ចំណែក ទៅតាមសំណូមពរនិងការព្រមព្រៀងឯកភាពក្នុងក្រុមគ្រួសារផ្ទាល់នៅចំពោះមុខអាជ្ញាធរខេត្ត តំណាងធនាគារអេស៊ីលីដានិងអាជ្ញាធរស្រុកថ្មគោលផ្ទាល់។ដោយក្នុងចំណែកនីមួយៗទទួលបានថវិកា៥ម៉ឺនដុល្លារអាមេរិក។ក្នុងចំណោម៣ចំណែកនោះគឺ៖ប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារ(០២ចំណែក) និងមួយចំណែកទៀត៥ម៉ឺនដុល្លារ។ហើយថវិកាទាំងនោះត្រូវបានឯកឧត្តម សេង ទៀង រៀបចំដាក់ក្នុងកុងធនាគារអេស៊ីលីដា និងបានប្រគល់នូវសៀវភៅប្រាក់បញ្ញើជូនដល់ក្រុមគ្រួសារសពដោយផ្ទាល់ដៃ នូវថវិកាឧបត្ថម្ភផ្ទាល់ ពីសម្តេចតេជោ សែន តាមរយៈការរក្សាទុកឲ្យមានសុវត្ថិភាពនិងដើម្បីជួយគ្រួសារសពផ្ទាល់ក្នុងការយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់ខ្លួន ចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយខុសពីតម្រូវការចំពោះមុខ ទៅថ្ងៃអនាគត។
ក្នុងឱកាសទទួលបាននូវថវិកាឧបត្ថម្ភពីសម្តេចហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងឪពុកទាំងម្តាយ និងជីដូន បានថ្លែងអំណរគុណដល់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនមានព្រះជន្មយឺនយូរ
ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើន និងជាម្លប់សុខសន្តិភាពដល់ប្រជាពលរដ្ឋ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )