អាជ្ញាធរស្រុកតាំងគោកចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូន នៅភូមិគោកត្របែក
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកតាំងគោក ដឹកដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក រួមជាមួយ អភិបាលរងស្រុក បានចុះសួរសុខទុក្ខ សំណេះ សំណាលនិងផ្សព្វផ្សាយនូវលិខិតបទដ្ឋាននានាជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះផងដែរមន្ត្រីជំនាញការិយាល័យនីមួយៗបានធ្វើការ ផ្សព្វផ្សាយនៅតាម ជំនាញរបស់ខ្លួនដូចជា ហាមប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទនៅរដូវត្រីពង ហាមទន្ទ្រានព្រៃលិចទឹកដែលជាជម្រកត្រី ផ្សព្វផ្សាយអំពីការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត ដោយមិនមានការបង់ថវិកានោះឡើយព្រោះថារាជរដ្ឋាភិបាលបានចេញថ្លៃជំនួសពលរដ្ឋដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង ផ្សព្វផ្សាយអំពីការការពារនូវជំងឺគ្រុនឈាម ជំងឺគ្រុន ចាញ់ និងជំងឺគ្រុនឈីក ព្រមទាំងធ្វើការបង្ហាញអំពីការប្រើប្រាស់មុងជ្រលក់ថ្នាំ ដែលជាម៉ុងការពារមូស មិនឲ្យខាំ ។
លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពី សំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ជានិច្ចកាលលោកតែងតែគិតគូរយក ចិត្ត អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង នណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជន ពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ ។ លោក ក៏ធ្វើការផ្សព្វផ្សាយ និងសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលលើដីដែលសម្តេចចែកឲ្យ បន្តអាស្រ័យផលលើដី នោះបន្ត ហាមទន្ទ្រានទៅលើដីខុសច្បាប់ដែលនាំឲ្យមានទោសដល់ខ្លួន មិនត្រូវជឿលើពាក្យញុះញង់ របស់ជនខិលខូចមួយចំនួនដែលកេងប្រវ័ញ្ចទៅលើផលប្រយោជន៍បងប្អូននោះឡើយ ។ លោកអភិបាលស្រុក សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពព្រោះថារដូវនេះគឺជារដូវភ្លៀងធ្លាក់ដែលជាហេតុបង្កឲ្យមានដង្កូវទឹកបង្កើតបានជាមូស ប្រសិនបើមូសនឹងខាំវាបង្កឲ្យមានជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់និងជំងឺថ្មី គឺជំងឺគ្រុនឈីក ។ លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាង ពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ។
វិធានការទាំងនោះ រួមមាន៖
១~ត្រូវលាងដៃនិងសាប៊ូទឹកស្អាត ឬទឹកអាល់កុល ឲ្យបានញឹកញាប់។
២~នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត ។
៣~ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។
៤~ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ ។ ក្នុងនោះលោកបញ្ជាក់ថាបើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួនត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ៕