រថយន្តធុនធំមួយគ្រឿង បើកចេញពីអគារស៊ីការមួយកន្លែងជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បានបើកចេញពីអគារសុីការមួយកន្លែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់ រួចរថយន្តបង្កបើករត់គេចខ្លួនបាត់។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ នៅចំណុចមុខអាគារស៊ីការមួយកន្លែង មុខនឹងផ្សារអ៊ីអន២ តាមបណ្តោយផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីរសន្តិសុខយាមនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធន់ធំមួយគ្រឿងមិនចាំស្លាកលេខបានដឹករថយន្តចូលទៅក្នុងអាគារនៅកន្លែងកើតហេតុខាងលើ បន្ទាប់ពីដាក់រថយន្តរួចរថយន្តបង្កបានបើកចេញមកក្រៅវិញដោយទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ១០០៣ បំរុងបត់ស្តាំដៃទៅទិសខាងត្បូងក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកឌ្រីមសង់ស៊េរី ឆ្នាំ២០១៩ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-4566 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ១០០៣ ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់។ភ្លាមៗនោះរថយន្តបង្កឃើញសភាពជនរងគ្រោះមិនស្រួលបានបន្ថែមល្បឿនរថយន្តទៅមុខទៀតគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដោយមានអ្នកតំណាងនៅក្នុងអាគារកន្លែង កើតហេតុចេញមុខធានាខុសត្រូវរួចបានឲ្យសន្តិសុខយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅក្នុងអាគារមួយយប់សិនចាំស្អែក ឲ្យជនរងគ្រោះមកចចារ និងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបានបញ្ជូនតាមម៉ូតូកង់បីមួយគ្រឿងយកទៅព្យាបាលរបួសដោយខ្លួនឯង៕ធ.ដ