សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្រើនរំលឹកដល់ប្រធាន​គណបក្ស​ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងថ្មី ត្រូវបន្តខិត​ខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យខេត្ត កាន់តែមានការរីកចម្រើន​ជា​បន្តទៀត

ប្រសាសន៍ក្រើនរំលឹករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងក្នុងឱកាសប្រកាសទទួលកាន់មុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត​ស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ជំនួសឯកឧត្តម ម៉ុម សារឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តរតនគិរី ដែលនឹងត្រូវ​ទទួលភារកិច្ចថ្មី នាឱកាសព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គ្រាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិង​ជាប្រធានគណៈប្រចាំការ​នៃគណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនោះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន ។ ដោយដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើ និងជម្រុញដល់សមាជិក សមាជិការបស់បក្ស ត្រូវពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ ។ សម្តេចថែមទាំងបានជំរុញដល់សមាជិក សមាជិការ នៃក្រុមការងារគណបក្សចុះមូលដ្ឋានតាម ភូមិ/ឃុំ ស្រុក/ក្រុង ធ្វើយ៉ាងសហការសាមគ្គីគ្នាឲ្យបានល្អ រក្សាឲ្យបានសមាជិកចាស់ ហើយបន្តពង្រីកកំលាំងថ្មី ឲ្យមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា កាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាព ដើម្បីសម្រេចឲ្យបាននូវគោលនយោ​បាយ​របសគណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសត្រូវដោះស្រាយសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន ។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានប្ដេជ្ញាថា  នឹងខិតខំប្រឹងប្រែង បំពេញការងារឲ្យបានល្អ ខិតខំធ្វើការអភិវឌ្ឍន៍ឲ្យរីកចម្រើន និងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំចង្អុរបង្ហាញ និងរាល់ការផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំគណបក្សខេត្ត និងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner