សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តសេចក្តីណែនាំ ស្តីពី« គោលការណ៍ចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា តាមប្រព័ន្ធអនឡាញ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ »
រាជធានី ភ្នំពេញ៖ នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តសេចក្តីណែនាំ ស្តីពី«គោលការណ៍ចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា តាមប្រព័ន្ធអនឡាញ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍» តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Google Meet) ក្រោមអធិបតីភាពឯកឧត្តម ទេព ភិយ្យោរិទ្ធ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្ដល់ភាពច្បាស់លាស់អំពី គោលការណ៍ឧបត្ថម្ភសម្រាប់គ្រូឧទ្ទេស អ្នកសម្របសម្រួល ជំនួយការ និងអ្នកចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍ ព្រមទាំងបញ្ជាក់អំពីការស្នើសុំបុរេប្រទាន ក៏ដូចជា ការទូទាត់ថវិកា ជាដើម។ សមាសភាពអញ្ជើញចូលរួម រួមមាន៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មកពីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងគ្រឹះស្ថានឧត្តមសិក្សា ពាក់ព័ន្ធ ដែលអនុវត្តថវិកាដៃគូ ព្រមទាំងក្រុមការងារហិរញ្ញវត្ថុគម្រោង នៃនាយកដ្ឋានហិរញ្ញវត្ថុ ជាច្រើនរូបទៀត សរុបរួមចំនួន ជិត ២០០នាក់៕ ដោយ-រ៉ាវុធ