រុស្ស៊ីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តាលីបង់ ដើម្បីរក្សាស្ថិរភាពអាហ្វហ្គានីស្ថាន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ (Sergei Lavrov) បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តាលីបង់ ក្នុងការព្យាយាម និងរក្សាស្ថិរភាពស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក ឡាវរូវ បានប្រាប់សន្និសីទអន្តរជាតិស្តីពីអាហ្វហ្គានីស្ថាន ដែលមានការចូលរួមរបស់គណៈប្រតិភូតាលីបង់ជាន់ខ្ពស់ និងប្រទេស ១០ ផ្សេងទៀតថា រដ្ឋបាលថ្មីដែលកំពុងកាន់អំណាច… យើងបានកត់សំគាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើឱ្យស្ថានភាពយោធា និងនយោបាយមានស្ថិរភាព ព្រមទាំងការរៀបចំការងាររបស់រដ្ឋ។ ថ្លែងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនោះ លោក ឡាវរូវ ក៏បានព្រមានដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS និងអាល់កៃដា កំពុងព្យាយាមទាញយកផលប្រយោជន៍ពីអស្ថិរភាពនៅអាហ្វហ្គានីស្ថាន។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះក៏បានសម្តែងការសោកស្តាយចំពោះអវត្តមានគណៈប្រតិភូអាមេរិកនៅឯកិច្ចប្រជុំខាងលើនេះ ដោយបន្ថែមថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួន ដើម្បីធ្វើការយ៉ាងសកម្មស្ថិតក្រោមស្ថានភាពនៅអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកធ្លាប់បាននិយាយហើយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចានេះនៅក្នុងទីក្រុង ម៉ូស្គូ ឡើយដោយសារតែហេតុផលបច្ចេកទេស ប៉ុន្តែគ្រោងនឹងធ្វើដូច្នេះនៅពេលអនាគត៕ ប្រភព៖ CGTN


