វិមានក្រឹមឡាំង៖ ជំនួបរវាងលោក ពូទីន និងលោក បៃដិន ទំនងជាកើតឡើងនៅក្នុងឆ្នាំនេះ

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានលើកឡើងថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន នៅមុនដំណាច់ឆ្នាំនេះ គឺមានលទ្ធភាពដែលអាចទៅរួច ខណៈដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ចុះក្នុងកម្រិតទាបបំផុត ក្រោយសង្គ្រាមត្រជាក់។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានគូសបញ្ជាក់នៅពេលត្រូវបានសាកសួរថាតើជំនួបនេះអាចនឹងកើតឡើងនៅក្នុងឆ្នាំនេះ ឬអត់ថា កិច្ចប្រជុំនេះគឺមានលក្ខណៈប្រាកដនិយម។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបញ្ជាក់លំអិតថាតើជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ គ្រោងនឹងធ្វើឡើងនៅថ្ងៃណា ប្រទេសណា ឬក៏របៀបវារៈនៃកិច្ចប្រជុំនោះនៅឡើយទេ។  

សូមរំលឹកផងដែរថា លោក ចូ បៃដិន និងលោក វ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាផ្ទាល់លើកដំបូងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ។ មេដឹកនាំទាំងពីរបានធ្វើកិច្ចពិភាក្សាគ្នាអស់រយៈពេលជិត ៤ ម៉ោង។ ជាសញ្ញាវិជ្ជមាននោះ លោក ពូទីន និងលោក បៃដិន បានព្រមព្រៀងបញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួនអោយចូលកាន់តំណែងរបស់ពួកគេវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំនោះ លោក បៃដិន និយាយថា គោលបំណងនៃជំនួបកំពូលនេះ គឺធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner