ជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍ នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង

ខេត្តកណ្តាល៖ អង្គការ​ UNDI មន្ទីរពេទ្យបេះដូង Fuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានរៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ។កម្មវិធីនេះត្រូវបានធ្វើឡើនៅក្នុងបរិវេនមណ្ឌលសុខភាពទឹកវិលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។

លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិលបានជម្រាបជូនដល់អង្គជំនួបដែលមានគ្រូពេទ្យចំនួន២០រូបដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពទឹកវិល និងបណ្តាមណ្ឌលសុខភាពក្នុងស្រុកស្អាង ខេត្តកណ្តាលថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែតាមប្រព័ន្ធពី ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ដែលបានរៀបចំឡើងដោយអង្គការ UNDI មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោកបានយកពុទ្ធិនិងបទពិសោធន៍ទាំងនេះមកចែករំលែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទឹកវិល។

លោកបន្ថែមថា ជំនួបនាថ្ងៃនេះគឺជាការបំពេញបន្ថែម និងជាការចូលរួមចំណែកបង្កើននូវបរិមាណធនធានចំណេះដឹងលើការយល់ដឹងកាន់តែស៊ីជម្រៅពីការបង្ការ និងការព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងសម្រាប់អ្នកដែលមានអាយុចាប់ពី៣៥ដល់៦៩ឆ្នាំ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានជម្រាបបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក សមាគមបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពមួយចំនួនបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធOnlineជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន ហើយសមាគមតែង បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់ការសិក្សារយៈពេលខ្លី និងវែង ពីក្រុមគ្រូពេទ្យជំនាញៗរបស់ចិន បន្តការចែករំលែក និងពង្រឹងនូវពុទ្ធិនិងបទពិសោធន៍ដែលទទួលបានដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន។ លើសពីនេះ តាមរយៈអង្គការ UNDIសមាគមតែងបានស្នើសុំឱ្យមន្ទីរពេទ្យបេះដូង FUWAI ផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យកម្ពុជា ទៅបំពេញបេសកកម្ម និងចុះកម្មសិក្សាដោយផ្ទាល់ នៅមន្ទីរពេទ្យបេះដូង FUWAIខេត្តយូណាន និងបណ្តាមន្ទីរពេទ្យនានានៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបរកែវ ខេត្តរតនគិរីក៏ទទួលបានឱកាសនេះហើយបានបន្តក្នុងនាមជាគ្រូឧទ្ទេសដោយពាំនាំយកនូវពុទ្ធិនិងបទពិសោធន៍ពីមិត្តចិនមកចែករំលែកនៅនឹងមូលដ្ឋានដែលខ្លួនបំពេញការងារផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner