អភិបាលខេត្តពោធិ៍សាត់ស្នើឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្ត
ភ្នំពេញៈឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានស្នើឱ្យ ក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍។ ឯកឧត្តមថាបើអាចគឺឱ្យចប់នៅដំណាច់ឆ្នាំនេះឬយ៉ាងយូរដើមឆ្នាំក្រោយ។
ឯកឧត្តម ជាវ តាយ បានស្នើបែបនេះ នៅសាល វីដេអូ ខុនហ្វឺរេន ខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារជុំវិញការដោះស្រាយផលប៉ះពាល់ការស្ថាបនាស្ថានីយថ្លឹងយានយន្តលើសទម្ងន់នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់។
ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះក៏ការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដោះស្រាយផលប៉ះពាល លោកអភិបាលស្រុក និងប្រធានភូមិបាលស្រុកបាកាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារគណៈកម្មការអន្តរក្រសួងមួយចំនួនទៀត៕