សមិទ្ធផលមានតំលៃប្រមាណជិត ៥០ម៉ឺនដុល្លាអាមេរិច និងចាប់ផ្តើមផុសជារូបរាងឡើង នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨

ព្រះវិហារ ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងថា អគារធ្វើការកម្ពស់ពីជាន់ មានតម្លៃសរុបប្រមាណជិត ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិច និងចាប់ផ្តើមបើកដំណើរការសាងសង់ឡើង នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក្រោមគម្រោងសាងសង់រយៈពេល ៥ឆ្នាំ ។

ការបញ្ជាក់របស់ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ប្រជុំឆ្លងរបាយការណ៍ ការងារយោធាប្រចាំសប្ដាហ៍ទី៣ សម្រាប់ខែតុលា គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងទិសដៅអនុវត្តន៍បន្តការងារយោធាសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២១ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ឲ្យដឹងថា អគារដែលនឹងចាប់ផ្តើមឲ្យដំណើរការសាងសង់ មានកម្ពស់២ជាន់ ធ្វើអំពីថ្ម មានទំហំទទឹង ២៣ម៉ែត្រ និងបណ្តោយ ៣៣ម៉ែត្រ ស្មើនឹង ១៩បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ប្រជុំ, បន្ទាប់ស្នាក់នៅ របស់នាយលេខាធិការដ្ឋាន និងបន្ទាប់ស្នាក់នៅរបស់លោកមេបញ្ជាការរង ដែលគ្រោងនឹងចំណាយថវិកាអស់ប្រមាណជិត ៥០ម៉ឺនដុល្លាសហរដ្ឋអាមេរិច នៅក្នុងដំណើរការសាងសង់ រយៈពេល ៥ឆ្នាំ ។

លោកមេបញ្ជាការ បានលើកឡើងថា ដើម្បីសម្រេចបានជោគជ័យ ១០០% នូវសមិទ្ធផលថ្មីមួយនេះ គឺតម្រូវឲ្យមានការចូលរួមខ្ពស់ពីសំណាក់បងប្អូនយោធិនយើងគ្រប់រូប។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងបានកម្លាំងមួយដ៏រឹងមាំ ។

ជាមួយនឹងការទទួលបាន នូវសមិទ្ធផលថ្មី លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលសម្រេចបានជោគជ័យល្អ ទាំងនៅក្នុងអង្គភាព និងវរសេនាតូចទាំង៥ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ គោរពនិងអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវរាល់បទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ជូន ទោះស្ថិតក្នុងស្ថានភាពលំបាកស្មុគស្មាញលើភូមិសាស្ត្រ រឺធម្មជាតិយ៉ាងណាក្តី ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner