សម្ដេចក្រឡាហោម ស ខេង ជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែតុលានេះ ដើម្បីស្វែងរកឱកាសក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានាសំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គមទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩។

ក្នុងជំនួបនេះសម្តេចក្រឡាហោម បង្ហាញនូវជំនឿយ៉ាងមុតមាំថាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវិស័យ សំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើមនោះនឹងបន្តបង្កើតបាននិងពង្រីក បន្ថែម ទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ាន និងសកលោកទាំងមូលផងដែរ។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន- អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនមកពីវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ និងសុខាភិបាលមួយចំនួនទៀត។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សានិងការផ្ដល់ប្ដូរមតិយោបល់ដ៏មាន សារៈសំខាន់ដែលនឹងរួមចំណែកបំរើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ព្រមបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ សម្ដេចបន្តថា ការប្រែក្លាយបញ្ហាឱ្យទៅជាឱកាសគឺពិតជាមានភាពចាំបាច់ណាស់ក្នុងស្ថានភាពបច្ចុប្បន្នដែលត្រូវរស់នៅជាប្រក្រតីតាមបែបគន្លងទៅថ្មី។ សម្ដេចក៏បានបង្ហាញភាពរីករាយ ក្នុងការពិភាក្សាការងារផ្សេងៗនាជំនួបនាពេលខាងមុខ។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំពីបច្ចុប្បន្នភាពនិងស្ថានភាពទូទៅ ពាក់ព័ន្ធនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលកិច្ចការនេះគឺជាការងារស្នួលមួយផ្នែកស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ហើយក៏ជាកិច្ចការស្នូលដ៏មានសារៈសំខាន់ដែលជួយទ្រទ្រង់និងជា មូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ។

សម្ដេចបានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២០ ឃើញថាស្ថានភាពសន្តិសុខទូទៅ និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជាមានស្ថានភាពល្អប្រសើរ។ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានថយចុះ៩ភាគរយខណៈការងារគ្រប់គ្រងសណ្ដាប់ធ្នាប់ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ២២ភាគរយ និងអត្រាគ្រោះថ្នាក់ដោយអគ្គិភ័យថយចុះ ៤២ភាគរយ ។

ទោះបីយ៉ាងនេះក្ដីសម្ដេចបន្ថែមថាក្នុងបរិបទនៃជំងឺកូវីដ១៩ក៏មានការកត់សម្គាល់នូវការកើនឡើងបទល្មើសមួយចំនួនដែរ ដូចជាការជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ សម្ដេចបន្តថាផលប៉ះពាល់លើ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ជាកត្តាជំរុញឱ្យបទល្មើសជួញដូរនិងរត់ពន្ធមនុស្សឆ្លងដែនមានការកើនឡើងខណៈបទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើងដូចជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អំពើជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងក្នុងគោលបំណងប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខសង្គមជាដើម។

នៅក្នុងឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន៨បានជម្រាបជូនសម្ដេចក្រឡាហោមនូវយោបល់ផ្សេងៗ ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិកព្រមទាំងវិស័យ នានារវាងក្រុមហ៊ុនទាំងនោះជាមួយកិច្ចការ ដែលស្ថិតក្រោមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃកម្ពុជា ។ក្រុមហ៊ុន ទាំងនោះរួមមាន ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុនPernod Ricard ក្រុមហ៊ុន Bell ក្រមហ៊ុន Visa និងក្រុមហ៊ុន Walmart៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner