ឯកឧត្តម ប្រាក់ សុខុនបានលេីកឡេីងថា៖ ប្រជាធិបតេយ្យ មិនមែនជាទំនិញនាំចេញ-ចូល ពីប្រទេសមួយទៅប្រទេសមួយឡេីយនរណាក៏ដឹងដែរថា ប្រជាធិបតេយ្យមិនមែន កើតឡើងដោយឯកឯង ឬក៏ជប់បាននោះទេ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា នរណាក៏ដឹងដែរថា ប្រជាធិបតេយ្យមិនមែន កើតឡើងដោយឯកឯង ឬក៏ជប់បាននោះទេ ជាពិសេសប្រជាធិបតេយ្យ មិនមែនជាទំនិញដែលនាំចេញ នាំចូល ពីប្រទេសមួយទៅប្រទេសមួយទៀតនោះដែរ ទោះបីជះលុយរាប់រយលានដុល្លារក៏ដោយ ។

ក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រារព្ធខួប លើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ជាមួយនឹងឆន្ទៈក្នុងការនាំ មកនូវសន្តិភាពជូនប្រទេស និងប្រជាជនកម្ពុជានោះ ក៏មានគំរោងកសាងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែរ។ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនេះ ជាលទ្ធិតាមបែបលោកខាងលិច ដោយមិនបានគិតគូរ រាប់បញ្ចូលនូវលក្ខណៈពិសេសរបស់ កម្ពុជា តួយ៉ាងប្រវត្តិសោកនាដកម្មថ្មីៗ របស់ប្រទេសនេះ វប្បធម៌ ប្រពៃណី ស្ថានភាពជាក់ស្តែងពិតប្រាកដ។

ឯកឧត្តម ប្រាក់ សុខុនបញ្ជាក់ច្បាស់ៗថា «នរណាក៏ដឹងដែរថា ប្រជាធិបតេយ្យមិនមែន កើតឡើងដោយឯកឯង ឬក៏ជបបាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញ នាំចូល ពីប្រទេសមួយទៅ ប្រទេសមួយទៀតនោះដែរ ប្រជាធិបតេយ្យជាគុណតំលៃ ដែលបានមកពីការរៀនសូត្រហើយ ដែលត្រូវកសាង និងពង្រឹងមួយជំហានម្តងៗ។ ជាការគួរឱ្យស្តាយ ប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជា ឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាព ភូមិសាស្ត្រនយោបាយ សំរាប់ផលប្រយោជន៍ប្រទេសធំៗ មួយចំនួនទៅវិញ» ។ទាក់ទិនបញ្ហាដែលពាក់ព័ន្ធនឹង អធិបតេយ្យកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា មិនមានចែងទាល់តែសោះ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា កម្ពុជានឹងត្រូវស្ថិតក្រោម អាណាព្យាបាលអន្តរជាតិ បន្ទាប់ពីដំណាក់កាលបណ្តោះអាសន្ន ពោលគឺបន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់នោះទេ។ អ្វីដែលកម្ពុជាត្រូវបន្តគោរពនោះ គឺកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជាបានភ្ជាប់ខ្លួនក្នុងឋានៈ ជាសមាជិកពេញសិទ្ធ នៃអង្គការសហប្រជាជាតិ ដូចសមាជិកដទៃទៀត នៃអង្គការនេះតែប៉ុណ្ណោះ។ ពេលនេះ កម្ពុជាបានក្លាយ ហើយរក្សាខ្លួនជារដ្ឋអធិបតេយ្យ ពេញលេញដូចរដ្ឋឯទៀត នៃសហគមន៍អន្តរជាតិដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ជាការគួរឱ្យសោកស្តាយ ទោះបីមានការប្តេជ្ញាជាឱឡារិករបស់ភាគីផ្សេងទៀតនៃ «កិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា» ក្នុងការមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះក្រោមរូបភាពណា ដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ ក៏កម្ពុជានៅបន្តទទួលរង នូវការប៉ុនប៉ងជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្តូររបបតាមមធ្យោបាយ ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ ទាល់តែសោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner