រឿងលក់ដីអាងទឹកដងទង់៖អភិបាលខេត្តកំពតបើកការស្រាវជ្រាវស៊ើបអង្កេតផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន

ភ្នំពេញ:ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតថ្មី បានប្រកាសបើកការស្រាវជ្រាវស៊ើបអង្កេតផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួនដែលអនុវត្តផ្ទុយនឹងច្បាប់ និងដាក់ពិន័យមន្ត្រីទាំងនោះ បើរកឃើញថា មានការអនុវត្តខុសពាក់ព័ន្ធទៅនឹងករណីទិញលក់ដីអាងទឹកដងទង់ជាមួយក្រុមហ៊ុន សេង សម្បត្តិ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។ ឯកឧត្តមបានថ្លែងដូចនេះ ក្នុងវេទិកាដោះស្រាយសំណូមពរប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុន សេង សម្បត្តិ ពាក់ព័ន្ធនឹងករណីទិញលក់អាងទឹកដងទង់ ស្ថិតនៅស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានឯកភាពការទិញសិទ្ធិអាស្រ័យផលពីប្រជាពលរដ្ឋ១៩គ្រួសារ រក្សាសិទ្ធិនៅដដែល និងបញ្ជាឱ្យក្រុមហ៊ុន សេង សម្បត្តិ រុះរើរបងដែលធ្វើរំលោភលើដីប្រជាពលរដ្ឋចេញ។ បើក្រុមហ៊ុនចង់វិនិយោគត្រូវរៀបចំឯកសារច្បាប់ដាក់មកខេត្ត ដើម្បីខេត្តពិនិត្យមើល។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការទិញរបស់ក្រុមហ៊ុន សេង សម្បត្តិ មិនទទួលប្រវត្តិដីច្បាស់លាស់ ពីព្រោះដីនោះ គឺជាទំនប់ការពារ និងជាអាងទឹកដែលប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលហើយមានប្រជាពលរដ្ឋ ៤គ្រួសារជំទាស់។ អីការទិញនេះ មានការខ្វះខាតលើផ្លូវច្បាប់ គឺខុសទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានស្ដីអាជ្ញាធរដែនដីនៅស្រុកដងទង់ថា ចេះច្បាប់ដែរឬទេ?មកពីយើងធ្វើឱ្យរឿងវាធំបានវាធំ តាមពិតរឿងវាតូច។ ហើយឯកឧត្តមនឹងហៅមេឃុំ មេភូមិ អភិបាលស្រុក ប្រធានមន្ទីសូរិយោដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធមកសួររឿងលក់ដីអាងទឹកដងទង់ បើរកឃើញធ្វើខុសនឹងដាក់ពិន័យ ព្រោះដីសាធារណៈរបស់រដ្ឋ គឺមានអំណាចរបស់អាជ្ញាធរមិនមែនឱ្យក្រុមហ៊ុនធ្វើអ្វីស្រេចតែចិត្តនោះទេ។ មិនមែនឱ្យក្រុមហ៊ុនទៅដឹកនាំរដ្ឋបាលស្រុកដងទង់ទេ។

ប្រជាពលរដ្ឋបានទទូចសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ពិនិត្យមើលរឿងរបស់លោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត, លោក ប៉ិល កុសល អភិបាលរង ខេត្តកំពត និងជាប្រធាន គណៈកម្មការទទួលបន្ទុកដីធ្លី មន្ត្រីពាក់ព័ន្ធមួយចំនួន ចាប់តាំងពី ថ្នាក់ភូមិ ឃុំ ថ្នាក់ស្រុក ថ្នាក់ មន្ត្រីជំនាញរហូតដល់ថ្នាក់ខេត្ត បាន ឃុបឃិតគ្នាលក់ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។

អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជា ខាងជើងស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំងកសិកម្ម និងសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតា។

ចំពោះ លោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត និងមន្ត្រីមួយចំនួនកំពុងតែខ្វែងដៃខ្វែងជើង ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន ខណៈដែលការប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពតថ្មី នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់ សង្ឃឹមលើអភិបាលខេត្តកំពតថ្មី ដែលត្រូវចូលមកជំនួសឯកឧត្តម ជាវ តាយ នឹងអាចដោះស្រាយរឿងមន្ត្រីមួយចំនួនឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃ រាប់លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។ ជាពិសេស ពួកគាត់ សង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការលើមន្ត្រីពាក់ព័ន្ធទាំងនោះ និងសើរើករណីនេះឡើងវិញ។

ប្រភពច្បាស់ការណ៍បានបង្ហើបថា បើទោះបី ជាមានភស្តុតាង រូបថត លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពតបានទទួលលុយរាប់ម៉ឺនដុល្លារពី លោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ យ៉ាងណាក៏ដោយ ក៏លោក វ៉ិត វឌ្ឍនា បានអះអាងថា ជារូបកាត់ត មិនមែនជា រូបពិតនោះទេ។ ប៉ុន្តែ នៅពេលដែលមានការចោទសួរថាបើរូបថតទទួលលុយពីលោក សេង សម្បត្តិ កាត់តចុះវីដេអូ នៅពេលទទួលលុយនោះកាត់តដែរឬទេ ? ស្រាប់តែ ឮ បែបនេះ លោក វ៉ិត វឌ្ឍនា ហាក់ដូចជា ភ័យ និងបានហៅ អ្នកសារព័ត៌មានឱ្យទៅជួបខ្លួននៅខេត្តកំពត ដើម្បីសម្របសម្រួល។

ចំណែកលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រគល់លុយជូនលោក វ៉ិត វឌ្ឍនា។ លោកបានបញ្ជាក់ថា “… យើងមកអភិវឌ្ឍន៍អីចឹងទៅ។ យើងចេះតែជួយទៅ។ គ្នាសុំដំបូងអី តិចតួច សុំអង្ករកូវីដ អីយើងជួយរហូត”។

មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងធនធានទឹក និងឧតុនិយមសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថារឿងលួចលក់ដីអាងទឹកដងទង់ ខេត្តកំពត គឺមានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ត ដូចសម្លកំពឹស ហើយ នេះ ជាការភ្លាត់ស្នៀតមួយ។

ប្រភពច្បាស់ការណ៍បានទម្លាយថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ « អាងទឹកដងទង់» ដីរបស់រដ្ឋ គឺ លោក វ៉ិត វឌ្ឍនា ជានាយក រដ្ឋបាលខេត្តកំពត បានទទួលលុយសុទ្ធៗ ពីលោក សេង សម្បត្តិ ម្ចាស់ ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មី ដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារ ដើម្បីយកទៅចែកគ្នា។ ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ជាពិសេស គឺក្រសួងមហាផ្ទៃថា ទីនោះគ្មានអាងទឹកនោះ មានដូចជា លោក ប៉ិល កុសល អភិបាលរង ខេត្តកំពត និងជាប្រធាន គណៈកម្មការ ទទួលបន្ទុកដីធ្លី ។ លោក ដា ញ់ សារី ប្រធានមន្ទីរសុរិយោដីខេត្ត។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។ លោក ស៊ីវ ផេង អភិបាលស្រុកដងទង់។ លោក កែវ គឹម មេឃុំ ស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី។ ពួកគាត់ទាំងនោះ សុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់រៀងៗខ្លួន។

សូមជម្រាបថា អាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋ មានតម្លៃរាប់លានដុល្លារ ត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ បានជាស្ថាពរដោយបើកលក់គម្រោងខ្យល់បុរីដងទងធម្មជាតិ ដោយគ្មានច្បាប់អនុញ្ញាត។ ក្រុមហ៊ុន សេង សម្បត្តិ បានលួចធ្វើប្លង់ កម្មសិទ្ធិស្ងាត់ៗ គ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារ ដោយក្នុងនោះមាន ១៩ គ្រួសារយល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ ទទួលបានលុយគ្រប់ចំនួនទេ។ ប៉ុន្តែករណីនេះ បែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិ សុ ភី តំណាងប្រជាពលរដ្ឋ៣០គ្រួសារលក់ដីផ្តាច់ឱ្យលោកស្រី សុខ ហ្គិច លោកស្រី ចាន់ ស្រី ឡែ ន និង លោក សេង សម្បត្តិ ទៅវិញ? តើដីមួយកន្លែងអាចលក់បានបួនដងមែនទេ? ហើយការលក់ដីនោះ ស្របតាមច្បាប់រដ្ឋដែរឬទេ ? មូលហេតុអ្វីខ្លះ និងឯកសារ អ្វីខ្លះ ទើប មេឃុំ កែវ គឹម ហ៊ាន បោះត្រា ទទួលស្គាល់ ការលក់ដូរ ដី កំពុងតែ មានរឿង ទំនាស់ ?។

ប្រជាពលរដ្ឋ នៅស្រុកដងទង់ មានចម្ងល់ថា ឈ្មួញទិញដីតែ ១៩ គ្រួសារ មាន ផ្ទៃដីសរុបប្រហែល៩ហិកតា សោះ ហេតុអ្វី ក្រុមហ៊ុន ទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូល រហូតដល់ជាង១២ ហិកតា ទៅវិញ ? តើអាងទឹកដងទង់ នរណាខ្លះ ជាអ្នកលួចលក់ឱ្យឈ្មួញ សេង សម្បត្តិ ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់? ហេតុអ្វី ឈ្មួញ ដឹកដីចាក់លុបអាងទឹកកក្រើកស្រុកដងទង់អាជ្ញាធរ មិនមានវិធានការ? នេះជាសំណួរគ្មានចម្លើយ។

រឿងមន្ត្រីពាក់ព័ន្ធលួចលក់អាងទឹកដងទង់នេះ ធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩ គ្រួសារនេះមិនទាន់រាប់បញ្ចូល ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបារម្ភពីទឹកជំនន់លិចភូមិ ដោយគ្មានកន្លែងរំដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះ បាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខែត្ត និងក្រសួងថា កន្លែងអាងទឹកដងទង់ជាដីស្រែ គឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។

សាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ និងជាអតីតមន្ត្រីបម្រើការងារជាមួយ លោក ហៃ សូន អតីតអភិបាលស្រុកដងទង់ លើកឡើងថា កាលពីអំឡុងឆ្នាំ១៩៨៦ កើតស្រុកដងទង់ថ្មី លោក ហៃ សូន បាន បញ្ជាឱ្យ មេឃុំកេណ្ឌប្រមូល ប្រជាជនមកជីកទំនប់ ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើប្រាស់ គ្មានប្រភពទឹកហូរឆ្លងកាត់ ហើយក៏ជាកន្លែងលេនដ្ឋាននៃភូមិសាស្ត្រការពារស្រុកផងដែរ។

ការខិតខំបកស្រាយ បង្វែងដាន យកត្រូវពីសំណាក់លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានលើកឡើងថា អាងទឹកដងទង់ ពុំមានសំណង់រំដោះទឹកទេ ដំបូងឡើយ។ នៅកន្លែងផ្ទៃអាងដែលមានទឹក ដក់ជ្រៅនោះ បើតាមលោកធ្លាប់វាស់វែងកន្លងមក តាមប្រព័ន្ធហ្គូហ្គល មានទំហំប្រហែលជាង២ហិកតា តែប៉ុណ្ណោះ។ អាងទឹកនេះ ពុំមានចារឹកលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេ ព្រោះវាមានទំហំតូច៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner