អាជ្ញាធរក្រុងព្រះសីហនុ កំណត់ពេលបញ្ចេញ និងប្រមូលសម្រាម ក្នុងទីក្រុង ពីពេលថ្ងៃ ទៅពេលយប់វិញ

ការកកស្ទះសម្រាមនៅក្រុងព្រះសីហនុ ត្រូវបានគេមើលឃើញថា នៅតែកើតមាន និងមិនទាន់បានដោះស្រាយបានទាំងស្រុងនៅឡើយ ខណៈអាជ្ញាធរក្រុងព្រះសីហនុ នៅតែបន្តខិតខំចលនាប្រជាជនអោយចូលរួមវិចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវ និងជម្រុញក្រុមហ៊ុនប្រមូលសម្រាមបង្កើនការងារប្រមូលអោយបានល្អបន្ថែមទៀត ។   នៅតាមទីកន្លែងដីទំនេរ និងតាមផ្លូវក៏មានខ្លះដែរត្រូវបានគេយកសម្រាមមកគរទុកចោលដោយគ្មានកាទទួលខុសត្រូវរកម្ចាស់មិនឃើញ។ ក្រុមហ៊ុនប្រមូលសម្រាមក៏មានលំបាកដែរក្នុងការមកប្រមូលដោយសារតែភាពរាយប៉ាយគ្មានការវិចខ្ចប់ត្រឹមត្រូវ។ ទោះជាបែបនេះក្តីស្ថានភាពនៃការប្រមូលម្រាមនាពេលបច្ចុប្បន្ននេះគេមើលឃើញថា មានភាពល្អប្រសើរជាងមុនបន្តិចផងដែរ។ ចំពោះមុខនេះ អាជ្ញាធរក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម(KSWM) បានប្តូរយុទ្ធសាស្ត្រគ្រប់គ្រងសំណល់រឹងដោយបានសាកល្បងកំណត់ពេលវេលាជាក់លាក់ក្នុងការបញ្ចេញ និងប្រមូលដឹកចេញពីទីក្រុ ងដែលកន្លងមកធ្វើនៅ ពេលថ្ងៃ តែពេលនេះប្តូរទៅធ្វើនៅពេលយប់វិញ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរបានបើកយុទ្ធនាការផ្សព្វផ្សាយប័ណ្ណពត៌មាន ស្តីពីការបញ្ចេញនិងប្រមូលសំរាមនៅតាមផ្លូវចំនួន៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីអោយប្រជាជនបានយល់ដឹងនិងចូលរួមអនុវត្តសំដៅដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះសីហនុ អោយបានល្អប្រសើរ។

យោងតាមផែនការដែលបានផ្សព្វផ្សាយជំហានដំបូងនេះ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសម្រាម បានចាប់ផ្តើមអនុវត្តចំពោះលំនៅដ្ឋាននៅតាមដងផ្លូវអាទិភាពចំនួន៤៧ខ្សែផ្លូវ នៅក្នុងក្រុងព្រះសីហនុ។ សំរាមត្រូវបញ្ចេញតាមពេលវេលាកំណត់ចាប់ពីម៉ោង ៧:០០យប់ បន្ទាប់មកក្រុមហ៊ុនត្រូវធ្វើការប្រមូលសំរាមចាប់ពីម៉ោង ៣ភ្លឺ នឹងបញ្ចប់នៅម៉ោង១០ព្រឹក។ ខ្សែផ្លូវក្នុងតំបន់គោលដៅត្រូវបានកំណត់ប្រភេទពណ៌ ក្រហមនិងពណ៌ខៀវ។

ផ្លូវចំនួន ២៧ខ្សែ មានប័ណ្ណសម្គាល់ពណ៌ក្រហម តម្រូវអោយប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។

ផ្លូវចំនួន២០ខ្សែទៀត មានប័ណ្ណសម្គាល់ពណ៌ខៀវ តម្រូវអោយប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

ករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានទាំង ០២ពណ៌នេះ អាចប្រឈមការផាកពិន័យជាប្រាក់ផងដែរ។ ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូលដឹកជញ្ជូនតាមពេលវេលាដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ២ពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថា កន្លងមកមានការកកស្ទះសម្រាមនៅក្រុងព្រះសីហនុ ដោយសារសំរាមមានចំនួនច្រើន ការប្រមូលមិនទាន់ឆ្លើយតប។ រដ្ឋបាលក្រុងបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ជុំវិញការគ្រប់គ្រងការវិចខ្ចប់ទុកដាក់សំណល់រឹង។

ជាមួយគ្នានេះក៏បានជម្រុញឱ្យក្រុមហ៊ុនប្រមូលសំរាមបង្កើនលទ្ធភាពការងារប្រមូល និងដឹកជញ្ជូនសម្រាមចេញទីក្រុងព្រះសីហនុផងដែរ។

ឯកឧត្តម បញ្ជាក់ថា ក្រុងព្រះសីហនុទទួលជ័យលាភីទីក្រុងស្អាត ដែលកើតពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ថ្ងៃនេះយើងបន្តផ្សព្វផ្សាយប័ណ្ណព័ត៌មានស្តីពីពេលបញ្ចេញ និងប្រមូលសម្រាមដល់ពលរដ្ឋយើងនៅតាមខ្នងផ្ទះ តាមដងផ្លូវទាំង៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ អោយពួកគាត់បានយល់ និងចូលរួមទុកដាក់បញ្ចេញសម្រាម ដើម្បីទុកអោយក្រុមហ៊ុនប្រមូលយកចេញអោយបានទាន់ពេលវេលា។ ធ្វើយ៉ាងណាអោយទីក្រុងយើងស្អាត មានបរិស្ថានល្អនិងរស់នៅដោយផាសុក។

ឯកឧត្តម អភិបាលខេត្ត បញ្ជក់បន្ថែមថា៖ នឹងបន្តពិនិត្យមើល និងកែប្រែប័ណ្ណព័ត៌មានបញ្ចេញសំរាមជំហានទី២បន្តទៀត ដោយគ្រោងតម្រូវឱ្យបញ្ចេញសំរាមពីម៉ោង៧យប់ ដល់ម៉ោង ១០យប់ ក្រុមហ៊ុនចាប់ផ្ដើមប្រមូលពីម៉ោង ១២យប់ដល់ ម៉ោង៦:០០ព្រឹក ។តាមរយៈគម្រោងនេះអាចនឹងធ្វើការផាកពិន័យផងដែរប្រសិនបើប្រជាពលរដ្ឋម្ចាស់សំរាមមិនបានចូលរួមសហការ៕(វ៉ុន)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner