បុរសម្នាក់ជាមេការគ្រប់គ្រងទីតាំង ខារ៉ាអូខេយីហោ DM ត្រូវសមត្ថកិច្ចជំនាញបញ្ចូនទៅតុលាការ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទម្នាក់ដែលជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេ យីហោ DM ។

លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សប្រុសស្រីចំនួន៦៨នាក់ដែលកម្លាំងចម្រុះចុះប្រតិបត្តិការឃាត់ខ្លួននៅទីតាំងខារ៉ាអូខេយីហោ DM នោះ តាមគោលការណ៍របស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌបានឱ្យមន្រ្តីនគរបាលជំនាញធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីទៅលើមនុស្សប្រុសស្រីចំនួន៦៨នាក់ ក្នុងនោះមានស្រីចំនួន៤៥នាក់ ទាំងភ្ញៀវទាំងបុគ្គលិកត្រូវបានធ្វើការអប់រំណែនាំរួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកបុរសម្នាក់ដែលជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេ យីហោDM ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំបែបបទដើម្បីបញ្ជូនខ្លួនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលានេះ។

បុរសមេការគ្រប់គ្រង់នៅទីតាំងខារ៉ាអូខេ យីហោ DM មានឈ្មោះ អ៊ុង ថៃស៉ីមហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងខារ៉ាអូខេ តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្រ្កាបទីតាំងភោនីយដ្ឋានមួយកន្លែងមានយីហោ DM ដែលលួចបើក ខារ៉ាអូខេមានមនុស្សប្រមូលម្តុំ មិនរក្សាគម្លាត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងឃាត់មនុស្សប្រុសស្រីចំនួន៦៨នាក់ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធ ខណៈពេលដែលជនទាំងនោះកំពុងតែអង្គុយផឹកសុីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាន ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមានមនុស្សប្រុសស្រីចំនួន៦៨នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋាននេះតែម្តង។ បន្ទាប់ពីធ្វើសំណាករួច មនុស្សប្រុសស្រីចំនួនទាំង៦៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្តតាមនីតិវិធី។

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺអនុញ្ញាតចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋានដែលធានាបាននូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមអាច ដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលឱ្យភ្ញៀវចូលទទួលទានអាហារបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណឱ្យបានសមរម្យ តាមសមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា ភោជនីយដ្ឋានដែលត្រូវអនុញ្ញាតក្នុងចំណុចខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែ ភោជនីយ៍ដ្ឋានខាងលើនេះបានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយល្មើសនឹងវិធានការសុខាភិបាល និងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ-១៩៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner