ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ និងការចែកពូជពពែ ដល់ប្រជាសហគមន៍ជាំពេន នៅក្នុងស្រុករវៀង

ខេត្តព្រះវិហារ ៖ ទេសរដ្ឋមន្ត្រី មាស សុភា ដែលជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពី អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បាននាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ និងការចែកពូជសត្វពពែ ១០ក្បាល ដល់សហគមន៍ជាំពេន ទុកសម្រាប់ចិញ្ចឹម ដើម្បីទ្រទ្រង់ជីវភាពនៅក្នុងសហគមន៍ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង នាថ្ងៃទី២៤ តុលា ឆ្នាំ២០២១ ។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ ដោយ ១គ្រួសារៗ ទទួលបានមី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ អង្ករ ១បេ និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក ប្រជាសហគមន៍ជាំពេន ទទួលបានពូជពពែ ១០ក្បាល ផងដែរ ។ ទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ជាបន្តទៀត ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា នៅក្នុងស្រុករវៀង គឺមានដែនជម្រកសត្វព្រៃចំនួន២ គឺ ១- ដែនជម្រកសត្វព្រៃបឹងពែរ និង២- ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងមានសហគមន៍ចំនួន៨ សម្រាប់ការពារព្រៃឈើ ។ លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានខិតខំបង្កើតសហគមន៍នេះឡើង តាមរយៈក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងព្រៃឈើ សត្វព្រៃ និងបរិស្ថាន កុំឲ្យរងការបាត់បង់ រងការកាប់បំផ្លាញ និងរងការបរបាញ់សត្វព្រៃ ដែលស្របទៅនឹងបរិបទពិភពលោក ដែលកំពុងបង្ហាញពីហានិភ័យ និងប្រកាសឲ្យមានការចូលរួម ដើម្បីទប់ស្កាត់ នៃបម្រែបម្រួលអាកាសធាតុ ថែមទៀតផង ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner