សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីតួនាទីសំខាន់ៗចំនួន៣ របស់វិស័យឯកជន ក្នុងការរួមចំណែក សម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ាន ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ៖ “កសាង អនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ វីដេអូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសអបអរសាទរការផ្ទេរភាពជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានពីព្រុយណេ មកកម្ពុជា ហើយក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ក្រោមភាពជាប្រធានរបស់ ព្រុយណេ ក្នុងឆ្នាំ២០២១នេះ ។

សម្ដេចតេជោ បន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍ អាស៊ានជារួមផងដែរ ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ សេដ្ឋកិច្ចសកល ត្រូវបាន រំពឹងថា នឹងងើបឡើងវិញជាបណ្ដើរៗ ដែលទ្រទ្រង់ដោយការកើនឡើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្ម ទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានកំណើនសន្សឹមៗផងដែរ ។ ជារួម ការណ៍នេះ បញ្ជាក់ឱ្យ ឃើញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងគោលនយោបាយស្តារ ឡើងវិញ នៃសង្គម-សេដ្ឋកិច្ច ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជាសកល ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងការស្តារឡើងវិញនូវជំនឿទុកចិត្តរបស់វិស័យឯកជន សំដៅឈានទៅ បើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតយកឱកាសនេះ លើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់ វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ ដូចជា៖ ទី១-ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ។ ទី២. ចូលរួម ចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេស ការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ ការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ។ ទី៣. លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និង វិស័យឯកជន ជាពិសេសតាមរយៈ យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរ ធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុង ការអភិវឌ្ឍ និងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីជួយបំពេញ តម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការងារ ឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទៀតថា ជាការពិត វិបត្តិជំងឺកូវីដ-១៩ បានផ្ដល់ឱ្យយើង នូវបទពិសោធន៍ និងមេរៀនមួយចំនួនយ៉ាងសំខាន់ ដែលយើងចាំបាច់ត្រូវគិតគូររៀបចំបញ្ចូលក្នុង របៀបវារៈគោលនយោបាយនិងកិច្ចការកែទម្រង់ក្នុងកម្រិតថ្នាក់ជាតិនិងតំបន់។

សម្ដេចតេជោ បន្ថែមថា ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាព ជាច្រើន ដែលមិន ត្រឹមតែផ្តល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើន ផលិតភាពសេដ្ឋកិច្ចទៀតផងដែរ។

សម្ដេចបានបន្តទៀតថា ទន្ទឹមនេះ ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការ អាទិភាពបំផុតមួយផងដែរ ក្នុងការជំរុញកាស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ ចីរភាព។ អាស៊ានត្រូវបន្ត ប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម, ពង្រឹងសកលភាវូបនីយកម្ម និងខិតខំ ជំរុញការសម្រេចបាននូវ របៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យ កាន់តែស្អិតរមួតរវាងសសៃឈាមសង្គម និងជវភាពសេដ្ឋកិច្ច។ ក្នុងនោះ យើងត្រូវបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗ រួមមាន៖ ការជំរុញ ការធ្វើសេរីភាវូប នីយកម្មពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ ឱ្យកាន់តែពេលលេញ និងស៊ីជម្រៅ, ការសម្រួល ការធ្វើ ដំណើរឆ្លងដែនឡើងវិញប្រកបដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស, សហគ្រាស ធុនតូច និងមធ្យម (MSMEs) ជាដើម ។ល។

សម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតីបុរេសកម្ម សំដៅ លើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល ប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការ អនុវត្ត នូវគោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មី“ព្រមជាមួយនឹងការបញ្ចប់នូវ “ច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន”, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ ។ ជាងនេះ ទៅទៀត ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការ អនុវត្តទាំង វិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាល ដើម្បីការពារសុខភាពនិងអាយុជីវិត ប្រជាជន, គិតត្រឹមថ្ងៃទី ២១ ខែតុលា ២០២១ រាជរដ្ឋាភិបាល សម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦ លាន នាក់ សមមូលនឹងអត្រា ៨៥,២៧% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ។

សម្ដេចបន្តថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានកំពុងជំរុញការបើកដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញ ឱ្យបានពេលលេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ “យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតី ភាពថ្មី” នៅចុងឆ្នាំ២០២១។

សម្ដេចតេជោ ក៏បានបញ្ជាក់ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជា នឹងផ្ដល់ការគាំទ្រ និងជួយ សម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ។ ទន្ទឹមនេះ កម្ពុជា នឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវ កំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner