ឯកឧត្តម ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ កម្ពុជាបានត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ក្រោមសសរស្ដម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្ដៅ ពីភាគីពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន និងបណ្ដាប្រទេសសមាជិកអា-ស៊ាន និងប្រទេសដៃគូអាស៊ានទាំងអស់ ពិតជាមានសារៈសំខាន់។ នេះជាប្រសាសន៏របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអូស្រ្តាលី ដែលដឹកនាំដោយ ឯកឧត្តម Dan Tehan រដ្ឋមន្រ្ដីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិ-យោគអូស្រ្ដាលី តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំខាងលើនេះ ក៏ត្រូវបានចូលរួមដោយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា ផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្កៅ ចំពោះ ឯកឧត្តម Dan Tehan និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឯកឧត្តមបានបញ្ជាក់ថា វ៉ាក់សាំងជាកត្តាដ៏សំខាន់ ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញបាន។

ក្នុងនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៍បានជម្រាបជូន ឯកឧត្តម Dan Tehan ពីការបញ្ចប់រួចរាល់ នូវនីតិវិធីក្នុងស្រុក លើការផ្ដល់សច្ចាប័ន នៃកិច្ចព្រមព្រៀងអាសិបរបស់កម្ពុជា ដែលព្រះមហាក្សត្រ ទ្រង់បានប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមកថ្មីៗ នេះ។
ជាការឆ្លើយតប ឯកឧត្តម Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម Dan Tehan បានធ្វើការកត់សម្គាល់ផងដែរ លើទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដែលមានកំណើនជាបន្ដបន្ទាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ក្នុងកិច្ចជំនួបនេះដែល ឯកឧត្តមរដ្ឋមន្ដ្រីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក។ ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តម Dan Tehan បានជម្រាបជូនថា ភាគីអូស្រ្តាលី បានសាទរដល់កម្ពុជា ក្នុងការទទួលបានតួនាទី ជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ និងបានបង្ហាញការគាំទ្រយ៉ាងកក់ក្ដៅ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយកម្ពុជា ក្នុងការបំពេញតួនាទីដ៏សំខាន់នេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តម តម ប៉ាន សូរស័ក្ដិ បានថ្លែងអំណគុណសារជាថ្មី ដល់រដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗ ដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner