រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាស​បង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេស​ទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការ​ប្រកួត​ប្រជែង

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន    បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើ​វិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគ​លើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាន និងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ  មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារ​ស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ។ ឯកឧត្តម បានអំពាវនាវឲ្យវិស័យឯកជនចិន​ចូល​រួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញ​កំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

លោកនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែ បញ្ហានៅត្រង់ថា មិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិត​ភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបី មកធ្វើការសិក្សាស្រាវជ្រាវទាក់ទងដំណាំ​ឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science។ ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុនក៏បានសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីផងដែរទាក់​ទងគម្រោងវិនិយោគនេះ។

បន្ទាប់ពីបានទទួលព័ត៌មានដោយសង្ខេបពីលោកនាយកក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើ​វិស័យកសិកម្មរបស់​ក្រុមហ៊ុននាពេលអនាគត។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីសន្យាថា នឹងផ្តល់កិច្ចសហការដោយមានអគ្គនាយកដ្ឋានកសិកម្មជា​សេនា​ធិការរបស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ។ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ ដែលទាមទារចាំបាច់ត្រូវប្រើបច្ចេកវិទ្យា និងធនធានមនុស្ស ហើយពិតណាស់កិច្ចការនេះក៏ចាំបាច់ត្រូវមានកិច្ចសហ​ការពីគ្រប់ភាគីពាក់ព័ន្ធមន្រ្តីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យពួកគេអាចទទួលយកបច្ចេកវិទ្យាសម ស្របយកទៅអនុវត្តទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសហការរៀបចំឯកសារពាក់ព័ន្ធជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានកសិកម្ម មុនឈានទៅធ្វើការចុះហត្ថលេខាអនុស្សរណ:នៃការយោគយល់គ្នា៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner