សម្តេចតេជោ វាយតម្លៃថា អាស៊ាន នឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ បានប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ក្រោយពីជំងឺនេះ អូសបន្លាយនៃការឆ្លងរាលដាលជិត ២ឆ្នាំ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអូសបន្លាយ នៃការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំ និង អភិវឌ្ឍន៍ទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ សម្ដេចថា មកដល់ពេលនេះ យើងអាច វាយតម្លៃបានថា អាស៊ាន នឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបានប្រកបដោយប្រសិទ្ធភាព នាពេលដ៏ខ្លី ខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍ វិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនោះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់បែបនេះ ក្នុងឱកាសធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ” ដែលបានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦តុលា តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលប្រទេសប៊្រុយណេដារ៉ុយសាឡាម ធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ដោយមានការចូលរួមពីប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃ សហភាពមីយ៉ាន់ម៉ា បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោង ទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះ រួមមាន ទី១ ការកសាងសហគមន៍អាស៊ាន និង ទី២ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ទី១-ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាព អាស៊ាន ទី២-ការផ្លាស់ប្តូរទស្សន:ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងសុន្ទរកថាគន្លឹះដែលថ្លែងទាក់ទិនទៅនិងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុង ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំនឹង វិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ តុលា ឆ្នាំ២០២១ កម្ពុជា សម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ ។

សម្ដេចតេជោ បានបន្ថែមថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner