ប្រវត្តនៃការបើក រមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំ

សៀមរាប ៖ រមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំ ស្ថិតនៅក្នុងភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ប៉ែកខាងជើងនៃប្រាសាទព្រះខ័ណ្ឌ វាមានចម្ងាយ ១០គីឡូម៉ែត្រ ពីប្រាសាទ គឺផ្លូវឆ្លងកាត់តាមសាលាស្រុកអង្គរធំឆ្ពោះទៅកាន់ផ្សារពាក់ស្នែងថ្មី ជាតំបន់រមណីយដ្ឋានទេសចរធម្មជាតិ មានកន្លែងថតរូបអនុស្សាវរីយ៍ជាច្រើន ហើយម្ចាស់រមណីយដ្ឋានមានការរៀបចំកន្លែងថ្មីៗស្ទើរជារៀងរាល់ពីរសប្តាហ៍ម្ដង ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវដែលទៅកំសាន្តនៅទីនោះ ជាលក្ខណក្រុមគ្រួសារ ឬក៏ឯកជន ទីកន្លែងស្អាតប្រកបដោយផាសុខភាព និងសេវាកម្មសមរម្យ ។

លោក ស្វាយ សាវង្ស ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំ បានបង្ហាញកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះថា មូលហេតុនែការបង្កើតនៅរមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែងអង្គរធំនេះ ដើមឡើយ គឺមានមិត្តភ័ក្តិម្នាក់បាននាំគាត់មកលេងនៅក្នុងឃុំពាក់ស្នែង ហើយក្រោយមកគាត់ក៏ចាប់ផ្តើមសិក្សាស្រាវជ្រាវឃើញថា នៅទីនេះនឹងមានសក្តានុពលយ៉ាងខ្លាំងផ្នែកទេសចរវប្បធម៍ធម្មជាតិទៅថ្ងៃអនាគត ហើយនៅស្រុកអង្គរធំនេះ អត់ទាន់មានរមណីយដ្ឋានទេ និងមិនទាន់មានការអភិវឌ្ឍន៍ជាលក្ខណធំដុំដែរ ដូច្នេះហើយទើបលោកសម្រេចចិត្តបង្កើត រមណីយដ្ឋានមួយដើម្បីជួយសម្រួលដល់ជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររជាមួយរាជរដ្ឋាភិបាលផងដែរ។

លោក បន្តទៀតថា រមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំ យើងបើកឲ្យដំណើរការបានជិតមួយឆ្នាំមកហើយ ដែលមានផ្ទៃដីសរុបជាង៤ ហិកតា យើងមានរៀបចំអាងហែលទឹក មានទឹកធ្លាក់ មានផ្ទះបុរាណ មានស្ពានអាកាសជួបស្នេហ៍ មានភ្នំស្តេចឆ្មា មានភ្នំព្រះអាទិត្យ មានព្រះច័ន្ទ មានភ្នំបាតដៃ មានម្រាមដៃផុសចេញពីដី មានផ្ទះជនជាតិភាគតិច មានផ្លូវអាថ៍កំបាំង និងមានកន្លែងផ្សេងៗចាច្រើនថែមទៀត ជាពិសេសនៅក្នុងនោះយើងមានកូនកោះមួយមានស្ពានចេញចូលហើយអាចអុំទូកលេងបានទៀតផង។ ពាក់ព័ន្ធនឹងសេវាកម្មនានា ចំពោះការបម្រើសេវាកម្មភ្ញៀវ គឺបុគ្គលិកមានភាពរួសរាយរាក់ទាក់ មានម្ហូបបែបខ្មែរឆ្ងាញ់ៗ តម្លៃសមរម្យ ដោយឡែក ចំពោះតម្លៃចូលទស្សនាវិញ គឺកូនក្មេងតម្លៃ ៤០០០រៀល និងមនុស្សធំតម្លៃត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ។

លោក បានបញ្ជាក់ថា មុនពេលដែលរាជរដ្ឋាភិបាលមិនទាន់ប្រកាសឲ្យបិទ រមណីយដ្ឋានទេសចរនានាទូទាំងប្រទេសនោះ សម្រាប់រមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំយើងនេះ គឺមានភ្ញៀវច្រើន ពេលខ្លះរហូតដល់ទៅ ១០០០នាក់ក្នុងថ្ងៃក៏មានដែរ ប៉ុន្តែក្រោយមកដើម្បីធានាបានសុវត្ថិភាពជូនពុកម៉ែបងប្អូនទាំងអស់ដែលតែងតែមកលេងកំសាន្តរមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែង-អង្គរធំ គឺចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១កន្លងមក រមណីយដ្ឋានយើងត្រូវបានផ្អាកសេវាកម្មអាងហែលទឹកមួយរយៈសិនព្រោះខ្លាចមានការរីករាលដាល (COVID-១៩) ក្នុងបរិវេណរមណីយដ្ឋាន ប៉ុន្តែនៅបន្តបើកឲ្យចូលទស្សនា ដើរកំសាន្ត ថតរូប និងទទួលទានអាហារជាលក្ខណៈគ្រួសារជាធម្មតា ប៉ុន្តែហាមមិនឲ្យលេងទឹកជាកំហិត ។

តែឥឡូវមិនសូវមានភ្ញៀវទេ ចាប់ពីពេលនេះតទៅរមណីយដ្ឋានយើងត្រូវបើកឡើងវិញហើយ នៅពេលបងប្អូនមកលេងរមណីយដ្ឋានយើង សូមអនុវត្តដូចជា ពាក់ម៉ាស់ លាងដៃ និងអាល់កុល ស្កែនកំដៅពិនិត្យមើលមេរោគ និងឈរតាមគម្លាតដែលបានកំណត់ ករណីបើអត់មានម៉ាស់ពាក់ រមណីយដ្ឋាននឹងចែកម៉ាស់ (Free) ដើម្បីសុវត្ថិភាពខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិយើង សូមចូលរួម ៣.កុំ. និង៣.ការពារ ទាំងអស់គ្នា៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner