សម្ដេចតេជោ ចូលរួមចែករំលែក នូវទស្សនទាន មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគត រវាងអាស៊ាន-ជប៉ុន

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយមានវត្តមានប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួម លើកលែងតែសហភាពមីយ៉ាន់ប៉ុណ្ណោះ ខណៈប្រទេសព្រុយណេដារ៉ូសាឡាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម ហ្វូមិអុ គីហ្ស៉ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុនផងដែរនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ឯកឧត្តម ហ្វូមិអុ គីហ្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ សម្ដេចបានថ្លែងថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំ២០១៤ ជាមួយនឹងការចូលរួមជាមួយសម្ដេច ក្នុងការសម្ពោធផ្សារ Aeon 1 ហើយផ្សារទំនើប Aeon របស់ជប៉ុននេះ បានបង្កើតទៅ Aeon 2 នៅសែនសុខ និងផ្សារទំនើប Aeon 3 ហើយនៅឆ្នាំ២០២២ សម្ដេចសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងភ្នំពេញ សារជាថ្មីម្ដងទៀត។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន-ជប៉ុន ក្នុងរយៈពេល ៤៨ឆ្នាំកន្លងមក និងសូមចូលរួមចែករំលែកនូវទស្សនទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគតរវាងអាស៊ាន-ជប៉ុន ដូចខាងក្រោម៖ ទី១-ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ19 គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់ នឹងភាពដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុនទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។

សម្ដេចតេជោ បន្តថា ក្នុងន័យនេះ កម្ពុជា សូមអរគុណជប៉ុន ចំពោះការរួមចំណែកជាថវិកា ៥០លានដុល្លារអាមេរិក សម្រាប់ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជម្ងឺកើតថ្មី។ លើសពីនេះទៀត សម្ដេចតេជោ សូមលើកទឹកចិត្តដល់ជប៉ុន ក្នុងការបន្តគាំទ្រដល់គំនិតផ្ដួចផ្ដើមសំខាន់ៗដទៃទៀតដែលមានដូចជា ស្តុកបម្រុងបរិក្ខារពេទ្យសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈក្នុងតំបន់អាស៊ាន និងក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីបន្តកសាងភាពធន់សង្គមសេដ្ឋកិច្ចក្នុងតំបន់ និងការរស់នៅជាមួយជំងឺកូវីដ19 ក្នុងក្របខណ្ឌទ្វេភាគី។ សម្ដេចថា កម្ពុជា សូមថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងបង្ការជំងឺកូវីដ19 បរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្ដារ និងជំរុញកំណើនសង្គមសេដ្ឋកិច្ចឡើងវិញ, ទី២-សមាហរណកម្មនៅក្នុងតំបន់ គឺជាសមាសភាពដែលមិនអាចខ្វះបាននៅក្នុងការងើបឡើងវិញរបស់តំបន់ប្រកបដោយចីរភាព និងបរិយាបន្ន។ ហេតុនេះ សម្ដេចសូមលើកទឹកចិត្តដល់ជប៉ុន បន្តជំរុញការផ្សារភ្ជាប់នឹងការបន្សុីគ្នាររវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមស្នើឲ្យជប៉ុន បន្តគាំទ្រដល់ការអនុវត្តន៍ផែនការសកម្មភាពដទៃទៀត ជាពិសេស ផែនការសកម្មភាពនៃគំនិតផ្ដួចផ្ដើមសមារណកម្មអាស៊ាន លើកទី៤ ឆ្នាំ២០២១-២០២៥ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដែលស្របជាមួយនឹងចក្ខុវិស័យសមាគមន៍អាស៊ាន ២០២០-២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព, ទី៣-កម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញកសាងនូវការអភិវឌ្ឍន៍នៅក្នុងបណ្ដាប្រទេសអាស៊ាន សំដៅឆ្ពោះទៅរកគោលដៅរួម គឺការរីកចម្រើនប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ នៃយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា នឹងបន្តថែរក្សា និងបង្កើនចំណង មិត្តភាពនៃទំនាក់ទំនងអាស៊ាន-ជប៉ុនដ៏រឹងមាំនេះ ឲ្យកាន់តែជិតស្និទ្ធ និងគង់វង្សយូរអង្វែង។ ក្នុងន័យនេះ កម្ពុជា សូមគាំទ្រសំណើរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ នៅជប៉ុន, ដូចនេះ មានន័យថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកកម្ពុជា នៅឆ្នាំ២០២២ និងសម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងមានវត្តមាននៅជប៉ុន នាឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner