ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតឡើងវិញ នាដើមខែវិច្ឆិកាខាងមុខ

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ នៅក្នុងកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Online Zoom នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត ទៀ សីហា ថ្លែងថា លទ្ធផលនៃកិច្ចពិភាក្សា ស្តីពីកិច្ចដំណើរការបើកបង្រៀននិងរៀនតាមបណ្តុំសាកល្បងកន្លងមកនេះ បានឆ្លុះបញ្ចាំងអំពីមោទនភាព ដែលនាំឲ្យខេត្តសៀមរាប មានលទ្ធភាពសម្រាប់ការគាំទ្រអនុវត្តសេចក្តីណែនាំលេខ៦០ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការជម្រុញឲ្យរាជធានី-ខេត្តទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ និងពង្រីកវិសាលភាពបង្រៀននិងរៀនតាមបណ្តុំ ឲ្យបានគ្រប់កម្រិតសិក្សាផងដែរ ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ថ្លែងថា ការបើកបង្រៀនសាកល្បងកន្លងមកនេះរួមទាំងសាលាកម្រឹតបឋមសិក្សាថ្នាក់ទី៤ ទី៥ ទី៦ និងសាលាកម្រិតមធ្យមសិក្សាថ្នាក់ទី៩ និងថ្នាក់ទី១២ ស្មើនឹង ១៧៣សាលា នៃបណ្តាស្រុកចំនួន ៨ លើ ១២ក្រុង-ស្រុកទូទាំងខេត្ត ក្នុងនោះសិស្សដែលបានទទួលសេវាអប់រំនេះមានចំនួនជិត ១ម៉ឺន៦ពាន់នាក់។ លោក ក៏បានឲ្យដឹងដែរថា ទូទាំងខេត្តសៀមរាប គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សា សាលាកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សា មានចំនួនសរុប ១ ១១២សាលា។ ក្នុងឆ្នាំសិក្សា២០២០-២០២១ តួរលេខសិស្សសរុបមានចំនួនប្រមាណ ២៨ម៉ឺននាក់ និងមានគ្រូបង្រៀនគ្រប់កម្រិតថ្នាក់ចំនួន ១ម៉ឺន១២៨នាក់។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យ-វាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងភូមិសាស្រ្តខេត្តសៀមរាប មានប្រសាសន៍ថា ពិតណាស់ គឺជាមោទនភាព ដែលខេត្តសៀមរាបមើលឃើញអំពីលទ្ធភាព នៃការបើកឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបណ្តុំគ្រប់ម្រិតសិក្សា ក្នុងបរិបទកូវីដ-១៩ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការត្រួតពិនិត្យប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងគឺជាប្រការចាំបាច់មុនដំបូងគេនៅពេលដំណើរការសាលារៀន និងជាកាតព្វកិច្ចត្រូវអនុវត្តគ្រប់ពេលវេលា គឺវិធានការ ៣ការពារ និង៣កុំ។ វិធានការសុខាភិបាល កិច្ចប្រតិបត្តិស្តង់ដារសុវត្តិភាព SOP របស់ក្រសួងអប់រំ និងវិធានការនានាដែលដាក់ចេញដោយរដ្ឋបាលខេត្ត វាត្រូវតែជាការចងចាំអនុវត្ត ដើម្បីនិរន្តភាព នៃដំណើការសាលារៀន ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner