សម្ដេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលអាស៊ានដទៃទៀត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខរដ្ឋាភិបាល អាស៊ានដទៃទៀត លើកលែងតែសហភាពមីយ៉ាន់ប៉ុណ្ណោះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែល រួមមាន ប្រទេសចិន ជប៉ុន និងកូរ៉េ លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយប្រទេសព្រុយណេដារ៉ូសាឡាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ។

ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ាន បូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី ៤ ស្ដីពីការ អនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ ឆ្នាំ២០១៨-២០២២ ។ ជារួម មេដឹកនាំ អាស៊ានបូកបី បានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានបូកបីនេះ ដែលចាប់ ផ្ដើមតាំងពីឆ្នាំ១៩៨៧ មក ដែលពេលនោះ មានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ។ ហើយតាំងពីនោះមក មេដឹកនាំអាស៊ានបូកបី មានកិច្ចប្រជុំរាល់ឆ្នាំ ដែលចាត់ទុកថា ជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបី បានគូសបញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នាមានទី១-គឺការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ-១៩ ហើយដែលប្រទេសបូកបី ដែលរួមមានប្រទេសចិន ជប៉ុន និងកូរ៉េ បានយកចិត្តទុកដាក់ជួយ ដល់ប្រទេសអាស៊ាន ជាពិសេសក្នុងការជួយលើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់ ។

លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានបូកបី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបន្តធ្វើការរួមគ្នា ដោយ ប្រើប្រាស់យន្តការនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ហើយក្នុងនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បូកបី បានលើកពីយន្តការដែលមានស្រាប់ ជាពិសេសពាក់ព័ន្ធនិងសន្តិសុខស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយ ទៀត គឺអំពីការតភ្ជាប់ ជាពិសេស គឺនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ២០២៥ ហើយក៏មានចក្ខុវិស័យក្នុងការកសាងសហគមន៍ ដែលមិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ាន បូកបីនេះ ។

ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ក៏បានគូសបញ្ជាក់អំពីផែនការការងារ និងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី នឹងត្រូវ បញ្ចប់នៅក្នុងឆ្នាំនេះ ហើយនឹងត្រូវធ្វើនៅក្នុងឆ្នាំក្រោយ ដោយជំរុញធ្វើផែនការការងារនៃអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧ ដែលត្រូវអនុម័តនៅឆ្នាំក្រោយ ឆ្នាំ២០២២ នៅក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

ក្រៅពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ក៏បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការដែលត្រូវបន្តទៀត គឺការ ស្ដាសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ការជំរុញក្របខណ្ឌភាពជាដៃគូ សេដ្ឋកិច្ចក្នុងតំបន់គ្រប់ ជ្រុងជ្រោយ ដែលត្រូវជំរុញធ្វើយ៉ាងណាឲ្យបានផ្ដល់សច្ចាប័ន ពីប្រទេសអាស៊ានបូកបី ដើម្បី ធ្វើយ៉ាងណា ឲ្យកិច្ចព្រម ព្រៀងនេះចូលជាធរមាន នៅដើមឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងនេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើសុំឲ្យ ប្រទេសបូកបី បន្តគាំទ្រនូវយន្តការដែលមាន ជាពិសេសក្របខណ្ឌច្រកការធ្វើដំណើរ និងការបង្កើតយន្តការថ្មី សម្រាប់ សុខភាពសាធារណៈក្នុងក្របខណ្ឌអាស៊ាន ។

ជាចុងក្រោយ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ក៏បានពិភាក្សាអំពីសភាពការណ៍ក្នុងតំបន់ ជាពិសេសសភាពការណ៍នៅ ឧបទ្វីបកូរ៉េ និងនៅមីយ៉ាន់ម៉ាជាដើម ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner