សម្តេចតេជោ ហ៊ុន សែន៖យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព

ភ្នំពេញៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន សម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាតក្តី ក៏តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ និងពិភពលោកទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តប្រទេសបូកបីឱ្យពង្រីកការគាំទ្រកាន់តែខ្លាំងជាងមុនដល់គំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS) ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងក្របខ័ណ្ឌរៀបចំច្រកធ្វើដំណើរអាស៊ាន (ATCAF)។ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសអាស៊ានបូកបី (APT) ពន្លឿនដំណើរការផ្តល់សច្ចាប័ន ដើម្បីបើកផ្លូវដល់ការអនុវត្តឱ្យបានឆាប់នៃកិច្ចព្រមព្រៀង ដើម្បីអាចទាញយកផលប្រយោជន៍ សេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការធ្វើឱ្យពាណិជ្ជកម្មមានសកម្មភាពសកម្មឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យដាក់បញ្ចូលវិស័យអាទិភាពទាំង៤ ទៅក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ជំនាន់ថ្មី ២០២៣-២០២៧ រួមមាន ១) សន្តិសុខ សុខភាពសាធារណៈ ២) ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ៣) ផលិតកម្មកសិកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និង៤)ថាមពលប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ដ៏ចាំបាច់នៃយន្តការកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) សម្រាប់គោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដែលមានអាស៊ានជាកម្លាំងចលករ។ ថ្នាក់ដឹកនាំក៏បានទទួលស្គាល់ផងដែរនូវការរួមចំណែកដ៏មានសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) ឆ្ពោះទៅសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្ម អាស៊ាន (IAI) ដំណាក់កាលទី៤ និងសមាហរណកម្មតំបន់ដែលកាន់តែស៊ីជម្រៅនៅអាស៊ីបូព៌ា។

កិច្ចប្រជុំកំពូលបានកោតសរសើរនូវវឌ្ឍនភាពប្រកបដោយអត្ថន័យនៅក្នុងការអនុវត្តផែនការការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានអំពាវនាវឱ្យធ្វើការអភិវឌ្ឍផែនការការងារជំនាន់ថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) សម្រាប់ឆ្នាំ២០២៣-២០២៧ និងការអនុម័តផែនការការងារនេះ នៅក្នុងឆ្នាំ២០២២។ ជាងនេះទៅទៀត កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពដែលសម្រេចបាននៅក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានបូកបី (APT) ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ដើម្បីធានាបាននូវការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពន្លឿននីតិវិធីផ្ទៃក្នុងប្រទេសរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវការចូលជាធរមាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅខែមករា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់បន្ថែមទៀតលើភាពចាំបាច់ក្នុងការជួយដល់ប្រជាពលរដ្ឋ និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្រុមធុរកិច្ច និងក្រុមដែលងាយរងគ្រោះ តាមរយៈការសម្រួលសមាហរណកម្មរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចឌីជីថល ការអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរក្សាបាននូវប្រតិបត្តិការ និងលើកកម្ពស់ភាពប្រកួតប្រជែង។

ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងជំរុញការទទួលបាន និងចែកចាយនូវវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ក្នុងចំណោមប្រទេសអាស៊ានបូកបី (APT)។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការទាក់ទងនឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការចល័តរបស់និស្សិត បណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ សន្តិសុខស្បៀង ការត្រៀមបម្រុងស្រូវប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំ ក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់ រួមមានស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ជាដើម៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner