កម្ពុជាប្រកាសផ្តល់វ៉ាក់សាំង២០ម៉ឺនដូសដល់វៀតណាម (Video Inside)

កម្ពុជា បានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ចំនួន២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម ដើម្បីចូលរួម ទប់ស្កាត់ជំងឺកូវីដ១៩។ យោងតាមប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឱ វណ្ណឌីន ពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមទាំង២០ម៉ឺនដូសនោះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលាខាង មុខនេះ នៅច្រកព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

ប្រទេសវៀតណាមជាប្រទេសទី២ហើយ ដែលកម្ពុ ជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈប្រទេសឡាវ ជាប្រទេសទី១ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។ កម្ពុជាក្នុងអម្លុងពេលដែលពិភព លោកបានរងការឆ្លងនឹងជម្ងឺកូវីដ១៩, បានផ្តល់ជំនួយជាសម្ភារៈនិងថវិកាបង្កាការឆ្លងជម្ងឺកូវីដ១៩ជាបន្តបន្ទាប់

ដល់ប្រទេសជិតខាងនិងប្រទេសក្នុងតំបន់។ កាលពីដើមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា បានផ្តល់ថវិកា ២០ម៉ឺន ដុល្លារ ទៅប្រទេសមីយ៉ាន់ម៉ាផងដែលថវិកានោះ គឺជាថវិកាបន្ថែមពីលើថវិកាដែលធ្លាប់ផ្តល់តាមរយៈអាស៊ាន ចំនួន១០ម៉ឺនដុល្លារ។ នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជា ធ្លាប់បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ទៅដល់ប្រទេស វៀតណាមផងដែរដើម្បីការបង្កាទប់ស្កាត់ការឆ្លងកូវីដ១៩។

ក្រៅពីថវិកា កម្ពុជា ធ្លាប់បានឧបត្ថម្ភគ្រឿង បរិក្ខារ មួយចំនួនទៀតទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងវៀតណាម រួមមានម៉ាស់, ឧបករណ៍តេស្ដរហ័ស, សំលៀក បំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាម ដានសញ្ញាជាដើម។ ដោយឡែកកាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យ ទៅប្រទេសឡាវ, មីយ៉ាន់ម៉ា, ប្រទេសទីម័រខាងកើត និងប្រទេសនេប៉ាល់ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner