២.៥លានហេតុផល យុទ្ធសាស្រ្តប្រចាំប្រទេស ២០២១-២០២៦ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា សំដៅលើកកំពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

សៀមរាប ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន (២០២១-២០២៦) ក្នុងទំហំទឹកប្រាក់វិនិយោគ៤៧លានដុល្លា លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកំពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា ។

២.៥លានហេតុផល សម្រាប់៥ឆ្នាំខាងមុខ ( ២០២១-២០២៦ ) គឺជាគោលដៅដែលផ្តោតទៅលើក្មេងស្រ្តី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា ចាប់ពីអាយុ១២ឆ្នាំដល់២៤ឆ្នាំ ចំនួន ២.៥លាននាក់ ដើម្បីលើកកំពស់សិទ្ធិអំណាចរបស់ពួកគេ ក្នុងនោះ ១លាននាក់ដោយផ្ទាល់ និង ១.៥លាននាក់ដោយប្រយោល។ នេះគឺជាយុទ្ធសាស្រ្តថ្មីប្រចាំប្រទេស របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានប្រកាសផ្សព្វផ្សាយអនុវត្ត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈនៃប្រព័ន្ធតំណភ្ជាប់ពីចម្ងាយ ក្រោមវត្តមានរបស់លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប ដែលពិធីនេះ ត្រូវបានភ្ជាប់ជាមួយ ពិធីអបអរទិវាក្មេងស្រីអន្តរជាតិផងដែរ ។

នៅក្នុងសន្ទរកថារបស់លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា ជិត ២០ឆ្នាំហើយដែលភ្លែនបានសម្រេចគោលបំណងរបស់ខ្លួន ដើម្បីឲ្យពិភពលោកមួយមានយុត្តិធម៌ ជាមួយនឹងការលើកកំពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ សម្រាប់ ៥ឆ្នាំបន្ត អង្គការភ្លែន មានមហិច្ឆតាបង្កើនកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត ដើម្បីលើកកំពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា លើកស្ទួយសម្លេងនៃភាពចម្រុះរបស់ពួកគេ ដើម្បីគាំទ្រឲ្យពួកគាត់ទទួលបាននូវចំណេះដឹង ជំនាញ ទំនុកចិត្តដែលអាចបំពេញបានសិទ្ធិ និងសក្តានុពលរបស់ខ្លួន។

លោកស្រីគូសបញ្ចាក់ថា យុទ្ធសាស្រ្ត៥ឆ្នាំលើកទី៤របស់ភ្លែន ( ២.៥លានហេតុផល ) គឺឈរលើកម្មវិធីពហុវិស័យចំនួន៤ គឺការចាប់ផ្តើមជាមួយនឹងសុខភាព កិច្ចការពារជំនាន់ថ្មី ការរៀនសូត្រពេញមួយជីវិត និងភាពដឹកនាំរបស់ក្មេងស្រី។

លោកជំទាវ ស៊ិន ណម ក្នុងនាមប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមាខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រចំពោះផែនការយុទ្ឋសាស្ត្រថ្មីនេះ និងបានវាយតម្លៃថា ផែនការនេះ ឆ្លើយតបបានទៅនឹងផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យធំៗ មួយចំនួនរួមមាន ការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ជាពិសេសក្មេងស្រី ជំរុញការអនុវត្តការងារពាក់ព័ន្ធនឹងទឹកស្អាត អនាម័យ អាហាររូបត្ថម្ភ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជា្ជជីវៈ កិច្ចការពារកុមារ និងយុវជនជំនាន់ថ្មី ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមភូមិសាស្ត្រអាទិភាព នៃខេត្តសៀមរាប ដែលជាខេត្ត យុទ្ឋសាស្ត្រ រយៈពេលយូរអង្វែងរបស់អង្គការភ្លែន ហើយគម្រោងយុទ្ឋសាស្ត្រទាំងនេះ ពិតជាឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារ យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner