សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ក្នុងសារលិខិតបានបញ្ជាក់ថា ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់១៧ឆ្នាំ ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ថ្លៃវិសេស ជាបឋម ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្តសម្តែងនូវការអបអរសាទរ និងថ្វាយព្រះពរ បវរមហាប្រសើរ សូម ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្ត្រជាកូន ជាចៅរបស់ ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិលក្ខិតកាលដ៏ថ្លៃថ្លាវិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្ដែងនូវ អំណរព្រះមហាករុណាទិគុណ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ជាអតិបរមា ដែលជានិច្ចកាល ព្រះករុណា ថ្លៃវិសេសជាអម្ចាស់ទ្រង់ស្តេច សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន បរិច្ចាគព្រះរាជ្យទ្រព្យក្នុងការលើកកម្ពស់គាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយន្តការជួយសង្គ្រោះប្រជានុរាស្ត្រដែលរងគ្រោះដោយមហន្តរាយផ្សេងៗ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយវរវន្ទាដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមបន្តអភិបាលគ្រងរក្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ស្តេច ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រោសមេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner