សម្ដេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខរដ្ឋាភិបាលអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួមអាស៊ាន និងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិ ការលើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកចំណុចមួយចំនួន ជាពិសេស បាន មើលឃើញថា ទោះបីមានវិបត្តិកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា នៅតែមានភាពល្អប្រសើរ និងមានការរីក ចម្រើន ។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានចាត់ទុកឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ព្រោះជាខួប ៣០ ឆ្នាំ នៃដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា ជាពិសេសក្នុងខួប៣០ឆ្នាំ នៃទំនាក់ទំនងនេះ ត្រូវជំរុញយ៉ាងណាឱ្យមានកម្មវិធី និង សកម្មភាពនានា ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះការគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារប្រទេសតំបន់ អាស៊ានឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងបានអរគុណឥណ្ឌា ដែលបានផ្តល់វិភាគទាន ១លានដុល្លារ សម្រាប់មូលនិធិអាស៊ាន ឆ្លើយតបវិបត្តិជំងឺកូវីដ១៩នេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានប្តេជ្ញាខិតខំជំរុញ និងពង្រឹងទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា បន្តជំរុញតួនាទីរបស់ខ្លួនក្នុងការលើកតម្កើងការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ាន និងឥណ្ឌា។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានផ្តល់ការគាំទ្រក្នុងការកសាងសមត្ថភាពរបស់អាស៊ាន តាម រយៈការបណ្តុះបណ្តាលដោយផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ១ពាន់កន្លែង សម្រាប់និស្សិតប្រទេសសមាជិកអាស៊ាន ដើម្បីទៅ សិក្សានៅឥណ្ឌា។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានទទួលស្គាល់នូវសារសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការ តភ្ជាប់អាស៊ាន ជាពិសេស ត្រូវខិតខំជំរុញបន្ថែមទៀតនូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាល អាស៊ាន-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ និងផ្តល់សារសំខាន់ទៅលើទស្សនទានអាស៊ានស្តីពីនយោបាយឥណ្ឌប៉ាស៊ីហ្វិក និងបាន យល់ថា អាស៊ាន-ឥណ្ឌា ត្រូវជំរុញកិច្ចសហប្រតិបត្តិការគ្នាធ្វើយ៉ាងណាឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រក្សាបានសន្តិភាព ស្ថេរភាព និង សន្តិសុខ ។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើឥណ្ឌា បន្តការគាំទ្រជាពិសេសទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់ ទន្លេមេគង្គ ។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានពិភាក្សាបញ្ហាតំបន់មានដូចជា បញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅ មីយ៉ាន់ម៉ាផងដែរ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner