ប្រមុខការពារជាតិអាម៉េរិកបញ្ជាក់ថា អ៊ីរ៉ង់វាយប្រហារដោយមីស៊ីលផ្លោង១៦គ្រាប់ចេញពីទីតាំងចំនួន៣កន្លែងលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ម៉ាក អ៊ែលស្ពើ នៅថ្ងៃទី៨ ខែមករានេះ បានគូសបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលផ្លោងរយៈចម្ងាយជិតប្រមាណ១៦គ្រាប់ចេញពីទីតាំងចំនួន៣កន្លែង ក្នុងនោះ១១គ្រាប់បានធ្លាក់ចំមូលដ្ឋានទ័ពអាកាស អេនអាល់ អាស្សាដ និងមួយគ្រាប់ធ្លាក់នៅមូលដ្ឋានទ័ពក្បែរក្រុង អ៊ឺប្រ៊ីល ហើយមីស៊ីលទាំងនោះបានបង្កការខូតខាតមួយចំនួន ។

ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោកគិតថា ក្រោយមានការវាយប្រហារលើក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ខេធេប ហេសបូលឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ និងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី លោកជឿជាក់ថា ពួកយើងបានស្តារឡើងវិញនូវសមត្ថភាពកំញើញប្រទេសអ៊ីរ៉ង់ ដើម្បីបង្ការកុំឲ្យអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពបង្កហេតុផ្សេងៗទៀត ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ម៉ាក អ៊ែលស្ពើ ត្រូវបានធ្វើឡើងក្រោយអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពចំនួន ២ កន្លែងរបស់អាម៉េរិកនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការសម្លាប់លោក សូឡៃមេនី ។ ការវាយប្រហារទាំងនោះ មិនបានបណ្តាលឲ្យកងទ័ពអាម៉េរិក ឬកងទ័ពអ៊ីរ៉ាក់ណាម្នាក់បាត់បង់ជីវិតឡើយ ខណៈក្រសួងការពារជាតិអាម៉េរិកបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន ចាប់សញ្ញាមីស៊ីលទាំងនោះបានទាន់ពេលវេលា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner