សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

ក្រុមសូលទីឡូអង្គរ ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៣ បាតតារាង ៥ក្រុមខាងក្រោមនៃលីគកំពូលកម្ពុជា នៅសល់ក្តីសង្ឃឹមតិចតួចបំផុត ក្នុងការគេផុតពីតំបន់កាត់ចោល និងទម្លាក់ទៅលីគលំដាប់ទី២។

ក្រុមសូលទីឡូអង្គរ នៅសល់១ប្រកួតប៉ុណ្ណោះជាមួយនឹង ខេត្តព្រៃវែង ដែលជាក្រុមជើងឯកប្រម៉ូត ឡើងមកលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ ខណៈ៣ក្រុមទៀតអស់ប្រកួតចំនួន១៦ប្រកួតរួចហើយ។ សូលទីឡូអង្គរនៅសល់តែក្តីសង្ឃឹមមួយគត់ គឺត្រូវការឈ្នះជាដាច់ខាតជាមួយក្រុមខេត្តព្រៃវែង ក្នុងលទ្ធផល ៧ទល់០ បន្ទាប់ពីជើងទី១ ចាញ់ ម្ចាស់ផ្ទះខេត្តព្រៃវែង ៦ទល់០។

បច្ចុប្បន្ន ខេត្តព្រៃវែង មាន១០ពិន្ទុ ខណៈសូលទីឡូងអង្គរ មានត្រឹម៧ពិន្ទុ ហើយប្រសិនបើ១ប្រកួតចុងក្រោយនេះ សូលទីឡូអង្គរឈ្នះទទួលបាន៣ពិន្ទុក្តី ក៏សូលទីឡូអង្គរមានត្រឹមតែ១០ពិន្ទុស្មើជាមួយខេត្តព្រៃវែងប៉ុណ្ណោះ។

ចំពោះរូបមន្តគិតលើការប្រកួតប្រឈមជាមួយគ្នា Heat-to-Head ដើម្បីឲ្យសូលទីអង្គរគេចផុតពីបាតតារាងនេះ គឺដាច់ខាត គឺក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះត្រូវតែឈ្នះ ខេត្តព្រៃវែង ៧ទល់០ ឡើងទៅ ដោយ១ប្រកួតចុងក្រោយ នាពេលខាងមុខនេះ ត្រូវបានលោក អ៊ុក សុធី គ្រូបង្គោលក្លិបបាល់ទាត់ សូលទីឡូអង្គរបានបញ្ជាក់ថា ក្រុមរបស់លោកមានសង្ឃឹមតិចតួចបំផុត។

ទោះយ៉ាងនេះក្តី លោក អ៊ុក សុធី ក៏បានបង្ហាញនូវឆន្ទៈមុះមុតថានឹងប្រឹងប្រែងប្រកួតដល់ទីបញ្ចប់ បើទោះបីជាលទ្ធផលបែបណាក្តី ក៏លោកត្រូវទទួលស្គាល់ការពិត។ គ្រូបង្គោលរូបនេះបន្ថែម តាមគោលការណ៍លីគកំពូលកម្ពុជា ក្រុមបាតតារាង១ក្រុមនឹងត្រូវកាត់ចោល និងយក១ក្រុមជាម្ចាស់ជើងឯកនៃលីគលំដាប់ទី២ ឡើងមកបំពេញនៅលីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០២២ ខាងមុខ ប៉ុន្តែលោកនឹងពិភាក្សាបន្ថែមជាមួយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយបញ្ចប់ការប្រកួតលីគកំពូលទាំងស្រុង ទើបយើងអាចមានគោលដៅបន្ទាប់ សម្រាប់រដូវកាល២០២២ ខាងមុខ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner