ឯកឧត្តម ស សុខា និងលោកជំទាវ ចាត់ឱ្យក្រុមការងារ នាំយកថវិកា ជូនដល់ជនរងគ្រោះ និងគ្រួសារសព ដោយការរលំអគារនៅខេត្តកែប

អត្ថបទដោយ៖
Kien Sereyvuth

ព្រៃវែង៖ កាលពីថ្ងៃទី០៨ ខែមករា ឆកនាំ២០២០ លោក អ៊ូ វណ្ណា, លោក សែម គន្ធា និងក្រុមការងារ បាននាំយកថវិកា របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ទៅប្រគល់ជូនជនរងគ្រោះ និងគ្រួសារសព ដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យចំនួន ២២នាក់ ក្នុងនោះមកពីខេត្តព្រៃវែងចំនួន ៨នាក់ (ស្លាប់ ៥នាក់ និងរបួស ៣នាក់) មកពីខេត្តបាត់ដំបងចំនួន ៥នាក់ (ស្លាប់ទាំង ៥នាក់) និងមកពីខេត្តបន្ទាយមានជ័យ ចំនួន ៩នាក់ (ស្លាប់ ៤នាក់ និងរបួស ៥នាក់) ក្នុងករណីបាក់រលំអគារនៅខេត្តកែប កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា ជនរងគ្រោះរបួសធ្ងន់ស្រាល ចំនួន ៨នាក់ ទទួលបានថវិកាម្នាក់ៗចំនួន ១លានរៀល និងគ្រួសារសពចំនួន ១៤នាក់ ចូលបុណ្យក្នុងមួយគ្រួសារៗ ចំនួន ១លានរៀល ។ ក្នុងឱកាសនោះដែរ លោក សែម គន្ធា ក្នុងនាមឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានបួងសួងជូនពរដល់ អ្នករងរបួស អោយឆាប់បានជាសះស្បើយ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសព ព្រមទាំងឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិទាំងឡាយលើលោក សូមជួយដឹកនាំវិញ្ញាណក្ខន្ធ នៃសពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមជម្រាបថា ប្រតិបត្តិការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែក នៃអគាររលំក្នុងខេត្តកែប បានបិទបញ្ចប់ ជាស្ថាពរត្រឹមម៉ោង ១១:៣៥នាទី នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ជនរងគ្រោះដែលក្រុមការងារបាន ជួយសង្គ្រោះយកចេញពីគំនរបាក់បែក នៃអគាររលំ មានចំនួន ៥៩នាក់ ( ស្រី ២២នាក់ ) ក្នុងនោះបាត់បង់ជីវិត ចំនួន ៣៦នាក់ (ស្រី ១៤នាក់)។

ក្នុងចំណោមជនរងគ្រោះ មានក្មេងចំនួន ៦នាក់ (ក្មេងស្រី ២នាក់) និងរងរបួសចំនួន ២៣នាក់ (ស្រី ៨នាក់)។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយកសព ទៅធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner