ពលរដ្ឋរាប់ពាន់គ្រួសារមានការព្រួយបារម្ភខណៈ ទឹកស្ទឹងមង្គលបូរីរីងខះ តែអាជ្ញាធរ និងជំនាញបានបូមផ្ទេរទឹកពីស្ទឹងសិរីសោភ័ណទៅប្រើបណ្តោះអាសន្ន
ន្ទាយមានជ័យ៖ ពលរដ្ឋនៅឃុំមួយចំនួននៅស្រុកមង្គលបូរីជាង៧.០០០គ្រួសារ ( រួមទាំងបុគ្គលិកពេទ្យ អ្នកជម្ងឺនៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងខេត្តផង ) មានការព្រយបារម្ភជាខ្លាំងខណៈ ទឹកនៅក្នុងពោះស្ទឹងមង្គលបូរីបានរីងខះជិតអស់ហើយ។
ប៉ុន្តែឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៧ខែមករា បាននិយាយថា ៖ ឯកឧត្តម រួមជាមួយមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលស្ថានភាពទឹកនៅស្ទឹងសិរីសោភ័ណ ដើម្បីបូមបង្ហូរតាមប្រឡាយទៅស្ទឹងមង្គលបូរី ដែលស្ថានភាពទឹកនៅមង្គលបូរីមានការខ្វះខាតខ្លាំង ប្រឈមនឹងតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងមង្គលបូរី ។
លុះដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ រួមដំណើរដោយ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីបានចុះពិនិត្យមើលស្ថានភាពទឹកនៅចំនុចអូរដៃស្ទឹងមង្គលបូរី ស្ថិតនៅភូមិតាសល់ ឃុំគោកបល័ង្គ និងនៅសំណង់សិរីមង្គល ឃុំគយម៉ែង ស្រុកមង្គលបូរី ។
មន្ត្រីជំនាញ និងអាជ្ញាធរនិយាយថា ៖ យើងពុំអាចបូមទឹកពីផ្នែកខាងក្រោមនៃស្ទឹងមង្គលបូរីមកផ្គត់ផ្គង់ផ្នែកកណ្តាល និងក៏មិនអាចបង្ហូរទឹកផ្នែកខាងលើនៃស្ទឹងនេះ មកចាក់បំពេញផ្នែកកណ្តាលដែលមានមនុស្សរស់នៅច្រើនកកកុញ ហើយប្រឈមខ្វះខាតខ្លាំងនោះបានដែរ ព្រោះថា ស្ថានភាពទឹកខ្សត់ខ្យោយពេកទៅហើយ ។ មន្ត្រីក៏ចុះទៅពិនិត្យស្ថានភាពទឹកស្ទឹងសិរីសោភ័ណនៅចំនុចភូមិព្រៃឫស្សី សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ វិញម្តង ឃើញថាអាចបូមពីស្ទឹងសិរីសោភ័ណផ្ទេរទៅស្ទឹងមង្គលបូរីបាន។
ឯកឧត្តម ចាន់ យុត្ថា បានសុំការយោគយល់ ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីវិធីសាស្រ្ត បូមទឹកស្ទឹងសិរីសោភ័ណបញ្ជូនមកស្ទឹងមង្គលបូរីត្រង់ទីរួមស្រុកដែលរីងស្ងួតដើម្បីជូនបងប្អូនពលរដ្ឋររាប់ពាន់គ្រួសារ ប្រើប្រាស់ និងបរិភោគជាប្រយោជន៍រួម ជាបណ្ដោះអាសន្នសិន ។
ហេតុនេះមន្ត្រីជំនាញ និងអាជ្ញាធរក៏បន្តទៅសិក្សានូវលទ្ធភាពបូមទឹកពីអាងកំពីងពួយស្រុកបាណន់ខេត្តបាត់ដំបង បូមចាក់ចូលស្ទឹងមង្គលបូរីនៅស្រុកបវេលដូចកាលពីសង្គ្រោះគ្រោះទុរ្ភឹក្សទឹកកាលពីរដូវប្រាំងឆ្នាំ២០១៥-២០១៦ ទៀត ។អំពិការប្រឈមខ្វះទឹកធ្ងន់ធ្ងរនោះ ឯកឧត្តម ចាន់ យុត្ថា បានពន្យល់ថា ៖ មកពីការឡើងកំដៅហួតហែងខ្លាំង ហើយកសិករនៅស្រុកមង្គលបូរីបានធ្វើស្រូវប្រាំងលើកទី១កន្លងមកលើសជាង៧.០០០ហិចតា៕ធ.ដ
ដោយ៖ឃិន គន្ធា