លោក ដូណាល់ ត្រាំ អះអាងថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ប៉ុន្តែមិនបានព្រមានពីការសឹងសងនោះទេ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ នៅក្នុងសុន្ទរកថាចំពោះមុខអ្នកសារព័ត៌មានធំៗនៅសេតវិមាន នៅថ្ងៃទី០៨ ខែមករានេះ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់ហាក់ដូចជាកំពុងដកថយហើយ ក្រោយបាញ់មីស៊ីលជាច្រើនគ្រាប់ ដោយមិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាម៉េរិក ដែលមានមូលដ្ឋាននៅលើទឹកដីអ៊ីរ៉ាក់ ។
ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយយ៉ាងដូច្នេះថា គ្មានជនជាតិអាម៉េរិកណាម្នាក់បានរងគ្រោះ ដោយសារការវាយប្រហារមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ឡើយ និងថា អ៊ីរ៉ង់ហាក់ដូចជាដកថយហើយ ដែលនេះគឺជាអ្វីមួយដែលល្អសម្រាប់គ្រប់ភាគី និងល្អខ្លាំងសម្រាប់ពិភពលោកទាំងមូល ។
ទន្ទឹមគ្នា ក្រៅពីការសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់នោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញសញ្ញាស្វាគមន៍ផងដែរ ចំពោះអ្វីដែលលោកផ្ទាល់លើកឡើងថា ជាការដកថយរបស់អ៊ីរ៉ង់ចេញពីការប្រឈមមុខដាក់គ្នា ៕ធ.ដ