ក្រុមហ៊ុនសាមសុងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយបច្ចេកវិទ្យាទំនើបៗ និងកម្មវិធីប្រូម៉ូសិនពិសេសៗជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនរបស់ខ្លួន
ភ្នំពេញ៖ ដើម្បីអបអរសាទរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផលសាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលុប ក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួនផងនោះ ក្រុមហ៊ុន សាមសុង បានរៀបចំពិធីជួបជុំយ៉ាងឱឡារិកជាមួយគណៈគ្រប់គ្រងរបស់ សាមសុង អាជីវករលក់ដុំ និងលក់រាយទូទាំងប្រទេស នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុនសាមសុងក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជំនាន់ចុងក្រោយជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានដូចជា៖ ទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ម៉ាស៊ីនត្រជាក់ ទូទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ ។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផលសាមសុង ឈរក្នុងលេខរៀងលំដាប់លេខ១នៅលើទីផ្សារ ។ លោក Seungho Choi បន្តថា ភាពជោគ ជ័យនៅថ្ងៃនេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវ ជាមួយនឹងការតស៊ូ និង ភាពស្មោះត្រង់របស់យើងទាំងអស់គ្នា ។
លោកអគ្គនាយកបានបន្ថែមទៀតថា ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាទាំងមូល ។
លើសពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏សង្ឃឹមយ៉ាងមុតមាំដែរថា អតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់សាមសុងបន្តទៀត ដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នាជានិរន្តរ៍ ៕ធ.ដ