អ៊ីរ៉ង់បានអះអាងថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅលើយន្ដហោះដែលធ្លាក់ ទៅឲ្យខាងអាម៉េរិកឬក្រុមហ៊ុន Boeing នោះទេ
អ៊ីរ៉ង់៖ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានអះអាងថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅលើយន្ដហោះអ៊ុយក្រែនដែលបានធ្លាក់ ស្លាប់មនុស្ស១៧៦នាក់ កាលពីថ្ងៃពុធទី៨ មករា ២០២០ ម្សិលមិញ ទៅឲ្យខាងអាម៉េរិកឬក្រុមហ៊ុន Boeing នោះទេ។
យន្ដហោះអ៊ុយក្រែនប្រភេទ Boeing 737-800 បានធ្លាក់ចុះក្រោយពេលដែលចាកចេញពីប្រលានយន្ដហោះ Tehran ប៉ុន្មាននាទីប៉ុណ្ណោះកាលពីព្រឹកថ្ងៃពុធដែលបណ្ដាលឲ្យអ្នកធ្វើដំណើរ និងបុគ្គលិកទាំងអស់បាត់បង់ជីវិត។ ជាធម្មតា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាម៉េរិក មានតួនាទីក្នុងការស៊ើបអង្កេតអន្ដរជាតិណាមួយដែលពាក់ព័ន្ធនឹងយន្ដហោះ Boeing ដែលផលិតនៅអាម៉េរិក។
នៅក្នុងសេចក្តីអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) លោក Ali Abedzadeh បានមានប្រសាសន៍ថា“ យើងនឹងមិនផ្តល់ប្រអប់ខ្មៅដល់ក្រុមហ៊ុនផលិត និងសហអាម៉េរិកទេ” គ្រោះថ្នាក់នេះនឹងត្រូវស៊ើបអង្កេតដោយអង្គការអាកាសចរណ៍របស់អ៊ីរ៉ង់ប៉ុន្តែប្រជាជនអ៊ុយក្រែនក៏អាចមានវត្តមានផងដែរ។
លោក Abedzadeh បន្ថែមថាគេមិនទាន់ដឹងច្បាស់ថាប្រទេសណា ដែលនឹងធ្វើការវិភាគប្រអប់ខ្មៅដែលមានម៉ាស៊ីនថតសំលេងកាប៊ីនយន្ដហោះ និងម៉ាស៊ីនថតទិន្នន័យហោះហើរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងស្របពេលដែលស្ថានភាពតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាម៉េរិក និងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានអាកាសចំនួន ២ ដែលជាទីតាំងរបស់កងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់៕ធ.ដ