រដ្ឋមន្ត្រីការបរទេសចិន៖ អនាគតតែមួយគត់របស់តៃវ៉ាន់ គឺការបង្រួបបង្រួមជាមួយចិនដីគោក

នៅ​ក្នុង​កំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​ G20កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ តុលា​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យី​បាន​និយាយ​ថា​កោះ​តៃវ៉ាន់​គ្មាន​អនាគត​អ្វី​ផ្សេង​ពី​ការ​បង្រួបបង្រួម​ឡើង​វិញ​ជា​មួយ​ចិន​ដីគោក​ទេ​។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ក្រសួង​ការ​បរទេស​ចិន​លោក​វ៉ាង​បាន​លើក​ឡើង​បែប​នេះ​នៅ​ពេល​ដែល​លោក​កំពុង​ឆ្លើយ​តប​នឹង​សំណួរ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​រួម​ទាំង​សហរដ្ឋអាមេរិក​ក្នុង​ការ​គាំទ្រ​ដល់​ការ​ចូលរួម​របស់​តៃវ៉ាន់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ និង​ក្នុង​សហគមន៍​អន្តរជាតិ​។

លោក​វ៉ាង យី​​ថា​៖ «ប្រវត្តិសាស្ត្រ និង​អង្គហេតុ​ផ្លូវច្បាប់​នៃ ‘ចិន​តែ​មួយ’ គឺ​មិន​អាច​ប្រកែក​បាន​ទេ ហើយ​វឌ្ឍនភាព​សម្រាប់​ប្រជាជន ១,៤ ពាន់​លាន​នាក់​របស់​ប្រទេស​ចិន ដើម្បី​លើក​កម្ពស់​ការ​បង្រួប​បង្រួម​ជាតិ​ដោយ​សន្តិភាព​នៃ​មាតុភូមិ​គឺ​មិន​អាច​បញ្ឈប់​បាន​ទេ​»។

កាល​ពី​ដើម​សប្ដាហ៍​មុន​ ក្រុង​ប៉េកាំង​រិះគន់​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាន់តូនី ប្លីនខែន​ទៅ​កាន់​សមាជិក​អង្គការ​សហប្រជាជាតិ​ឱ្យ​គាំទ្រ​ការ​ចូល​រួម​របស់​កោះ​តៃវ៉ាន់​ ដោយ​ព្រមាន​ថា​ការ​គាំទ្រ​កោះ​តៃវ៉ាន់​នឹង​បង្ក​ «ហានិភ័យ​ដ៏​ធំធេង» ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​។

ផ្សេង​ពី​នេះ​ កាល​ពី​ថ្ងៃ​សៅរ៍​ប្រទេស​ចិន​ក៏​បាន​ផ្ញើរសារ​មួយ​​ទៅ​កាន់​ប្រទេស​លីទុយអានី​ផង​ដែរ​ បន្ទាប់​ពី​ប្រទេស​នេះ​យល់​ព្រម​ជា​មួយ​កោះ​តៃវ៉ាន់​ក្នុង​ការ​បើក​ការិយាល័យ​ការទូត​ទៅ​វិញ​ទៅ​មក​៕

ប្រភព៖ The Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner